ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងលោកជំទាវបានអញ្ជើញចូលរួមបញ្ចុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងទឹកដីខេត្តកោះកុង
ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ អញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងទឹកដីខេត្តកោះកុង កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងលោកជំទាវបានអញ្ជើញចូលរួមបញ្ចុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុងទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកស្រីអភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
សម្តេចពិជ័យ ទៀ បាញ់ បានថ្លែងថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។ សម្តេចក៏បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិ ក្នុងយុគ្គសម័យភ្លើងសង្រ្គាម។
សម្តេចបានបញ្ជាក់បន្ថែមថា «យើងត្រូវថ្លែងអំណរគុណសន្តិភាព ដែលក្រោមការដឹកនាំដ៏ឈ្លាវៃ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើឱ្យកម្ពុជាយើងតាំងបាតដៃទទេ រហូតដល់មានការអភិវឌ្ឍរីកចំរើនគ្រប់ផ្នែក គ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឱ្យប្រទេសលើពិភពលោកទទួលស្គាល់ទៀតផង ប្រទេសមានសន្តិភាព មានសេរីភាព ដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេ ការតស៊ូដែលលះបង់អាយុជីវិត ដើម្បីទឹកដីនោះទេ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះឡើង ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តផងដែរ»។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានបន្តថាកាលពីថ្ងៃទី១៨ ខែឧសភាថ្មីៗនេះ បានឱ្យដឹងថា ស្តូបវិមាននយោបាយឈ្នះ ឈ្នះនេះ សាងសង់ឡើង ក្រោមការឧបត្ថម្ភពីសប្បុរសជននានា៕