ចឹងសោះ! បានជាចាប់មិនដែលអស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ជាមេខ្លោងជួញដូរថ្នាំញៀន
ភ្នំពេញ៖ ថ្នាំឆ្កួតទៀតហើយ មន្ត្រីប៉េអឹម មានតួនាទី ជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តតាកែវម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវកម្លាំងសមត្ថកិច្ច ដោយដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើង ២ដើម ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២- ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចនាំទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕ by KBN