ក្រុមគ្រួសាររបស់លោក George Floyd អំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងទាមទាររកយុត្តិធម៌នៅឯការជួបជុំមួយនៅទីក្រុងហ៊ូស្តុន
បរទេស៖ ការតវ៉ាអំពីមរណភាពរបស់លោក Floyd នៅតែបន្ត ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួមក្នុងបាតុកម្មខុសពីថ្ងៃមុនៗ ការប្រមូលផ្តុំគ្នាមានសន្តិភាពជាងមុន ដោយប៉ូលិសមិនបង្ខំឱ្យបំបែកក្រុមបាតុករទេ។
យោងតាមសារព័ត៌មាន Houston Chronicle បានឱ្យដឹងថា ក្រុមគ្រួសាររបស់លោក George Floyd បុរសជនជាតិអាហ្រ្វិកអាម៉េរិក ដែលបានស្លាប់ដោយមន្រ្តីប៉ូលិសស្បែក សនោះ បានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងទាមទារយុត្តិធម៌សម្រាប់គាត់នៅឯការជួបជុំដ៏ធំមួយនៅទីក្រុងហ៊ូស្តុន ដែលជាកន្លែងដែលលោក Floyd បានកើត។ សមាជិក ១៦នាក់នៃគ្រួសាររបស់លោកបានចូលរួមក្នុងបាតុកម្មដែលប្រមូលផ្តុំមនុស្សជិត ៦០.០០០នាក់។ ថ្លែងទៅកាន់ក្រុមបាតុករ សាច់ញាតិរបស់លោក Floyd បានថ្លែងអំណរគុណដល់ក្រុមបាតុករដែលបានគាំទ្រពួកគេ ប៉ុន្តែបានស្នើពួកគេមិនឱ្យចូលរួមក្នុងអំពើហិង្សានៅពេលមានការប្រមូលផ្តុំគ្នានោះទេ។ ស្របពេលជាមួយគ្នានេះដែរ ក្មួយប្រុសរបស់គាត់បានអំពាវនាវឱ្យអ្នកចូលរួមបន្តធ្វើការតវ៉ារហូតដល់មានយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់លោកត្រូវបានបន្លឺឡើងដោយម្តាយរបស់កូនស្រីលោក Floyd ដែលអាយុ ៦ឆ្នាំ ឈ្មោះ Gianna ។ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Minneapolis ដែលជាកន្លែងដែល Floyd ផ្លាស់ទៅរស់នៅជាច្រើនឆ្នាំ និងជាកន្លែងដែលគាត់បានស្លាប់កាលពីថ្ងៃទី២៥ ឧសភា លោកស្រី Roxie Washington បាននិយាយនៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយថា លោកស្រីចង់ឱ្យមន្រ្តីប៉ូលិសទាំងបួនរូបនោះសងសំណងសម្រាប់ការស្លាប់របស់គាត់។
លោកស្រី Washington បាននិយាយថា «នៅចុងបញ្ចប់នៅថ្ងៃនោះ ពួកគេត្រលប់ទៅផ្ទះ នឹងនៅជាមួយគ្រួសាររបស់ពួកគេ។ Gianna មិនមានឪពុកទៀតទេ។ គាត់មិនបាននៅមើលឃើញនាងធំឡើង និងរៀនចប់ឡើយ។ ខ្ញុំនៅទីនេះសម្រាប់កូនរបស់ខ្ញុំ។ ខ្ញុំនៅទីនេះសម្រាប់ George ព្រោះខ្ញុំចង់បានយុត្តិធម៌សម្រាប់គាត់ ពីព្រោះគាត់ជាមនុស្សល្អ។ មិនថា អ្នកណាគិតយ៉ាងម៉េចចំពោះគាត់ទេ តែគាត់នៅតែល្អ» ៕ by AKP