ព្រឹត្តិការណ៍កីឡាបាល់ទាត់ទាំងពីរក្របខ័ណ្ឌវិលត្រឡប់ នៅដើមខែក្រោយ
ភ្នំពេញ៖ គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាសកាលបរិច្ឆេទដំណើរការនៃពានសម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជាឡើង វិញ នៅដើមខែកក្កដា ឆ្នាំ២០២០។ នេះបើតាមសេក្តីប្រកាសនៅថ្ងៃសុក្រទី០៥ ខែមិថុនា ឆ្នាំ២០២០។
មន្ត្រីគណៈកម្មការបាល់ទាត់ជាតិកម្ពុជាបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យ មានការប្រកួតបាល់ទាត់ឡើងវិញ តែមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលក្នុងទីលាន បាល់ ទាត់ និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹង តំណាងក្លិបទាំង១៣ថ្មីៗនេះ បានសម្រេចបើកដំណើរការការប្រកួតឡើងវិញពាន សម្ដេច តេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមក្នុងខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មុន ចាប់ផ្ដើមការប្រកួតចម្រុះថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ និងទី១៣ ខែសីហា ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ចំពោះក្របខ័ណ្ឌលីគកំពូល រដូវកាល២០២០ នឹងត្រូវបន្តឡើងវិញចាប់ពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅសម្រាប់ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់ នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។ ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។
ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ប្រកួតគ្នាជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។ ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ៥នាក់ដែល មានកម្ពុជា៣នាក់ និងបរទេសពីរនាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។ ការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរ គឺពី៣នាក់ដល់៥នាក់ តែធ្វើឡើងបានតែ៣ លើកប៉ុណ្ណោះក្នុងមួយប្រកួត៕ by AKP