ប្រជាកសិករខេត្តមណ្ឌលគិរី បង្ហាញអារម្មណ៍សប្បាយចិត្ត ខណៈដែលបន្លែសរីរាង្គទទួលបានទិន្នផលខ្ពស់ ពិសេសមានតំលៃថ្លៃ
ខេត្តមណ្ឌលគីរី៖ ប្រជាកសិករខេត្តមណ្ឌលគិរី បង្ហាញអារម្មណ៍សប្បាយចិត្ត ខណៈដែល បន្លែសរីរាង្គទទួលបានទិន្នផលខ្ពស់ មិនបារម្ភពីទីផ្សារ លក់បានតម្លៃថ្លៃ ពិសេសចំណាយថវិកាតិចចំណេញច្រើន។
លោក ឡុងនី ជាប្រជាកសិករនៅខេត្តមណ្ឌលគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការដាំ បន្លែងសរីរាង្គមិនប្រើប្រាស់ថ្នាំគីមី មានតម្លៃខ្ពស់នៅលើទីផ្សារ ព្រោះដំណាំនេះលូតលាស់បានល្អ និងមិនមានសត្វល្អិតបំផ្លាញ ។ដូច្នេះប្រជាកសិករមិនភ័យបារម្ភពីការលក់មិនអស់នោះឡើយ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន ពេញនិយមបរិភោគបន្លែសុវត្ថិភាពនេះ ខណៈដែលប្រជាពលរដ្ឋកាន់តែយល់ពីគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគាត់ ដែលបណ្តាលមកពីទទួលទានបន្លែ ដែលមានជាតិគីមី ។
ទិន្នផលខែវស្សាទទួលបានទិន្នផលខ្ពស់ជាងការដាំនៅទីវាលព្រោះយើងអាចទប់ទល់និងប្រែប្រួលអាកាសធាតុនៅរដូវភ្លៀងបានវាមិនខូចដល់ស្លឹកដំណាំទេនៅពេលដែលយើងដាំក្នុងរោង។បើដាំនៅវាលជួបប្រទះភ្លៀងខ្លាំងវាអាចនឹងខូច។ឥឡូវនេះដំណាំជាប្រភេទស្ពៃអស់នេះមានទីផ្សារល្អហើយជួយសម្រាលជីវភាពបានគួរសមព្រោះយើងបានកាត់បន្ថយនៃការប្រើប្រាស់ថ្នាំទៅលើដំណាំបានច្រើន។
សូមបញ្ជាក់ថា បន្លែសរីរាង្គដែលប្រជាកសិករចូលចិត្តដាំ រួមមាន៖ ស្ពៃបូកគោ ស្ពៃក្តោប សាឡាត់ ការ៉ុត និងបន្លែស្លឹកផ្សេងៗទៀត។ បន្លែសរីរាង្គក្នុងមួយគីឡូក្រាម តំលៃពី៦០០០រៀលទៅ៧០០០រៀល៕by AKP