ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមអង្គព្រះមហាក្សត្រទាំងទ្វេរ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកទៅចែកជូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥៩គ្រួសារ
ខេត្តកំពង់ឆ្នាំង៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា នាវេលាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥៩គ្រួសារ ស្ថិតនៅ ឃុំពាម និងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕