ពិតជារីករាយព្រឹកនេះ! កម្ពុជាមានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយហើយ

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល ពុំរកឃើញករណីជំងឺកូវីដ-១៩​ថ្មី​ទេ​ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និង មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។

អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២ដង បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។

ដូច្នេះចំនួនសរុបកូវីដ-១៩​ មានចំនួន១២៦នាក់​ដដែល​ ចំនួនសំរាកនៅពេទ្យសល់២នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន ១២៤​នាក់​ និងស្លាប់គ្មាន​។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ល។

យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យើងបានធ្វើតេស្តចំនួន​ ២៤៣២៩ ស្មើនឹង​ ១៤៦៥ ក្នុង១លាននាក់ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115 ៕

អត្ថបទដែលជាប់ទាក់ទង