សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឱ្យសោះ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ឱ្យសោះ បើទោះបីជារស់នៅទីក្រុង ឬនៅតាមជនបទ ស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច បើទោះជាចំនួនអ្នកឆ្លងក្នុងប្រទេសយើងមកដល់ពេលនេះ មានចំនួនតិចតួចក៏ដោយនោះ។
នៅលើផេកផ្លូវការ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ សម្ដេចតេជោបន្តថា ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុត ដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរឱ្យបារម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។ សម្ដេចតេជោក៏សូមបងប្អូនប្រជាពលរដ្ឋប្រើម៉ាស់ពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ ជាមួយគ្នានេះ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់ ហើយបើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង ៧,៤១០,៥១០ នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤១៨,២៩៤ នាក់ដែរ។
សម្ដេចតេជោបានបន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ឱ្យសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។ បើមានការសង្ស័យចំពោះអាការៈរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។
សម្ដេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕