អភិបាលខេត្ត២រូប រួមគ្នាដាំកូនឈើ មួយពាន់ដើមក្នុងមួយថ្ងៃ នាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្ត២រូប រួមគ្នាដាំកូនឈើ មួយពាន់ដើមក្នុងមួយថ្ងៃ នាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ពិធីដាំកូនឈើចំនួន ១០០០ដើម បានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» ពិធីនេះរៀបចំឡើងដើម្បីរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកម្ពស់ឱ្យមានការចូលរួមដាំដើមឈើ ពីមហាជនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភា បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានគម្រោងដាំកូនឈើចំនួន ១លាន ដើម ក្នុងរយៈពេល ៦ឆ្នាំ ហើយចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ឧទ្យានបានដាំកូនឈើចំនួន ១៥០៧២០ដើម លើផ្ទៃដី ៩២ហិកតា៕ ដោយ មន្ទីរព័ត៌មានខេត្តព្រះវិហារ






