បច្ចុប្បន្ននេះ ខ្សែកាបដែលប្រើសម្រាប់តភ្ជាប់អ៊ីនធឺណិតនៅលើពិភពគេតភ្ជាប់របៀបណា
បច្ចុប្បន្ននេះខ្សែកាបដែលប្រើសម្រាប់តភ្ជាប់អ៊ីនធឺណិតលើពិភពលោកមាន ៧០% ដំឡើងនៅលើផ្ទៃដី ចំណែក ៣០% ទៀតត្រូវបានបង្កប់នៅបាតសមុទ្រជ្រៅៗឯណោះ។ ខ្សែកាបបាតសមុទ្រនេះប្រើសម្រាប់ផ្ដល់អ៊ីនធឺណិតទៅកាន់ប្រទេស ឬ តំបន់ដទៃដែលខណ្ឌចែកដោយទឹកសមុទ្រ។ តទៅនេះនឹងបង្ហាញរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ខ្លះៗទាក់ទងនឹងខ្សែកាបបង្កប់នៅបាតសមុទ្រ៖
១. សមាសធាតុផ្សំនៃខ្សែកាប
ខ្សែកាបសម័យប្រើសម្រាប់សមុទ្រទឹកជ្រៅបច្ចុប្បន្នមានអង្កត់ផ្ចិតទំហំ ២៥ ម.ម និង មានទម្ងន់ប្រមាណ ១,៤ តោន សម្រាប់ប្រវែង ១ គ.ម។ ដោយឡែកសម្រាប់ខ្សែកាបនៅសមុទ្រទឹករាក់ៗមានទំហំធំ និង ទម្ងន់ធ្ងន់ជាងខ្សែកាបទឹកជ្រៅ។ ខ្សែកាបនេះទៀតសោតមានការការពារ ៧ ជាន់ ដោយរាប់ពីក្រៅជាន់ទីមួយជាជ័រ, ទីពីរស្កុត Mylar, ទីបីសរសៃខ្សែភ្លើងដែក, ទីបួនអាលុយមីញ៉ូមសម្រាប់ការពារទឹក, ទីប្រាំប៉ូលីកាប៉ូណាត, ទី ៦ បំពង់ទីបអាលុយមីញ៉ូម ឬ ស្ពាន់, ទី ៧ ប្រេងឥន្ធនៈជីវែល និង ទី ៨ ស្នូលខាងក្នុងជាខ្សែកាបអុបទិក។
២. អាយុកាលខ្សែកាប
ខ្សែកាបបាតសមុទ្ររំពឹងថានឹងអាចមានអាយុកាលប្រមាណ ២៥ ឆ្នាំ ទើបត្រូវដូរចេញថ្មី ឬ ត្រូវជួសជុល។ ពេលត្រូវជួសជុលគឺមានកប៉ាល់ពិសេសដែលបញ្ជូនចេញទៅសម្រាប់ការជួសជុល។ ប្រសិនបើទីតាំងខ្សែកាបខូចមានជម្រៅមិនដល់ ១ ៩៨០ ម៉ែត្រ គេនឹងប្រើរ៉ូបូតដើម្បីឲ្យទៅជួសជុលខ្សែកាបដែលខូចនោះ។ យ៉ាងណាក្ដីប្រសិនខ្សែកាបមានជម្រៅជ្រៅលើសនេះគេនឹងប្រើកប៉ាល់ស្ទូចដើម្បីស្ទូចខ្សែកាបឡើងមកលើ រួចទើបធ្វើការជួសជុល។
៣. ដំឡើងខ្សែកាបចំណាយច្រើន និង ប្រើពេលយូរ
ដំណើរការដំឡើងខ្សែកាបបាតសមុទ្រគឺជារឿងហត់នឿយ ដែលត្រូវចំណាយពេលច្រើន និង កម្លាំងមនុស្សច្រើន។ កប៉ាល់ធំមួយជាអ្នកបង្កប់ខ្សែកាបនៅបាតសមុទ្រ ហើយពួកគេត្រូវប្រាកដថាខ្សែកាបទាំងនោះបានកប់ដោយត្រឹមត្រូវ ទន្ទឹមនឹងនោះក៏ត្រូវព្យាយាមជៀសពីផ្កាថ្ម និង ជីវិតសត្វសមុទ្រដទៃទៀតដែលរស់នៅបាតសមុទ្រ។ កប៉ាល់អាចពង្រាយខ្សែកាបបានចន្លោះពី ១០០ – ២០០ គ.ម ក្នុងមួយថ្ងៃ។
៤. ការគំរាមកំហែងចំពោះខ្សែកាប
សត្វត្រីឆ្លាតពិតជាចូលចិត្តខាំខ្សែកាបបាតសមុទ្រណាស់ ហើយមូលហេតុពីក្រោយរឿងនេះមិនទាន់មាននរណារកឃើញនៅឡើយទេ។ ព្រោះតែត្រីឆ្លាមនេះហើយទើបបង្ខំឲ្យក្រុមហ៊ុនដូចជា Google ការពារខ្សែកាបរបស់ខ្លួនដោយរុំជាមួយបន្ទះសំណ។ ក្រៅពីត្រីឆ្លាមការគំរាមកំហែងដទៃទៀតរួមមាន គ្រោះធម្មជាតិ, យុថ្កាកប៉ាល់ និង ទូកនេសាទជាដើម។ មិនតែប៉ុណ្ណោះវាក៏ជាគោលដៅវាយប្រហាររបស់ Hacker និង ជនខិលខូចដទៃទៀតផងដែរ៕ ប្រភព៖ HumansatSea and sabay