ប្រជាពលរដ្ឋងាយរងគ្រោះជាជនចាស់ជរាជនពិការចំនួន៥១គ្រួសារ នៅស្រុកលំផាត់ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី


ខេត្តរតនគិរី៖ ដើម្បីឆ្លើយតបតាមតម្រូវការជីវភាពរបស់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះជាជនចាស់ជរា ជនពិការមានការខ្វះខាត នៅព្រឹកថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមទាំង ឯកឧត្តម លោកជំទាវអនុប្រធានសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ​ចាស់ជរា ជនពិការនិងគ្រួសារក្រីក្រចំនួន៥១គ្រួសារ ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាល្បាំងពីរ ចំនួន ២១គ្រួសារ សាលាឃុំបាតាង ចំនួន ១០គ្រួសារ ហើយអនុសាខាបន្តចុះសួរសុខទុក្ខនៅឃុំជ័យឧត្តម ១០គ្រួសារ និងឃុំកាឡែង ១០គ្រួសារ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រពលរដ្ឋដែលមកទទួលអំណោយនៅទីតាំង៣​កន្លែងខាងលើ ឯកឧត្តម ថង សាវុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនពុកម៉ែបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពុកម៉ែបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដូចដែលបានលើកឡើងថា“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល””ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឆ្លៀតឱកាសនេះឯកឧត្តម​ ថង​ សាវុន បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយ​ក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះជាជនចាស់ជរា គ្រួសារក្រីក្រទាំង៥១គ្រួសារ នាពេលនេះក្នុងមួយគ្រួសារអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ខោអាវ ១កញ្ចប់ និងថវិកាមួយចំនួន ​ដោយឡែកគ្រួសាររងគ្រោះធម្មជាតិរន្ទះបាញ់១គ្រួសារក៏ទទួលបានដូចគ្នានេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង