អាណាចក្រភ្នំឬហ្វូណន អាណាចក្រ(ភ្នំ) ជាអាណាចក្រខ្មែរទី ១ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍ និងជារដ្ឋចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍
អាណាចក្រភ្នំឬហ្វូណន (Map of the Funanese Empire 100 BC – 550 AD)
អាណាចក្រ(ភ្នំ) ជាអាណាចក្រខ្មែរទី ១ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅអាស៊ីអាគ្នេយ៍ និងជារដ្ឋចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍។
I ទីតាំងភូមិសាស្ត្រនឹងកំណើតរដ្ឋនគរភ្នំ
១.១. ទីតាំងភូមិសាស្រ្ត
_តាមទស្សនៈលោក ម៉ា ទាន់លីន បានបញ្ជាក់ថា នគរហ្វូណនជាកោះមួយដែលមានចម្ងាយប្រហែល ៣ ០០០ លី (១ = ៥៧៦ ម៉ែត្រ) នៅភាគអាគ្នេយ៍នៃ នគរលីនយី (Linyi នគរចាម្ប៉ា) និងភាគខាងត្បូងប្រទេសចិន។
_តាមទស្សនៈលោក អៃម៉ូនីយេ បានឱ្យដឹងថា នគរហ្វូណនមានទីតាំងចាប់ពីភាគខាងត្បូងនៃរដ្ឋ តុងកឹង រហូតដល់សមុទ្រនិងខាងលិចដល់ប្រទេសថៃសព្វថ្ងៃ។
_តាមទស្សនៈលោក ប៉ុលពីល្យូត បានសន្និដ្ឋានថានគរហ្វូណនមានទីតាំងស្ថិតនៅភាគខាងលើទន្លេមេគង្គ រហូតដល់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) និងទៅដល់ឈូងសមុទ្រ ម៉ាតាប៉ាន នៃឧបទ្វីប ម៉ាឡាយូ។
_តាមទស្សនៈរបស់ជនជាតិអឺរុបបានអះអាងថា នគរហ្វូណនស្ថិតនៅតាមបណ្ដោយឆ្នេរ តុងកឹង ដល់សមុទ្រ ខ្មែរ និងខាងលិចសន្ធឹងដល់ប្រទេស ភូមា សព្វថ្ងៃ។
ដូច្នេះក្រោយបង្រួបបង្រួមអាណាចក្រភ្នំឬហ្វូណនមានព្រំប្រទល់ខាងជើងជាប់ប្រទេសចិន (រដ្ឋណានឆាវ, តុងកឹង) ខាងកើតជាប់រដ្ឋ ចាម្ប៉ា, ឈូងសមុទ្រចិន ខាងត្បូងឈូងសមុទ្រ ខ្មែរ និងខាងលិចជាប់រដ្ឋ មនឬភូមា។
១.២. កំណើតនិងឈ្មោះហ្វូណន (នគរភ្នំ)
ក. ឯកសារចិន
នគរភ្នំបានកើតជារដ្ឋឡើងនៅដើមសតវត្សទី ៣ នៃ គ.ស.។ ជារដ្ឋចំណាស់មួយនៅអាស៊ីអាគ្នេយ៍ព្រោះចិនបានបញ្ជូនទូតឱ្យមកផ្សព្វផ្សាយអរិយធម៌ចិននៅសតវត្សទី ៣ គឺលោក កាំងតៃ។ លោកបានឃើញប្រទេសនេះកកើតជារដ្ឋស្រេចទៅហើយ។
ខ. លោក ស៊ក សឺដែស (Geoge Coedes) និងលោក ប៉ូលពីល្យូត (Paul Pelliot)
_លោក ប៉ូលពីល្យូត ថា នគរភ្នំបានកកើតជារដ្ឋនៅដើមសតវត្សទី ១ ក្នុងកំឡុងឆ្នាំ ៥០ នៃ គ.ស.។
_ចំណែកលោក ស៊ក សឺដែស បានបញ្ជាក់ថា នគរភ្នំបានកកើតជារដ្ឋរួចស្រេចហើយ ទើបអរិយធម៌ឥណ្ឌាចូលផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍ ពិសេសលើរដ្ឋហ្វូណន។ ការទទួលថ្មីពីឥណ្ឌាដូចជា រដ្ឋបាល សាសនា អក្សរ។ រីឯពាក្យ ហ្វូណន មកពីពាក្យខ្មែរ «វ្នំ» ដែលសព្វថ្ងៃក្លាយជាពាក្យភ្នំ ព្រោះស្ដេចសម័យនោះមានឋានន្តរនាមថាស្ដេចភ្នំត្រូវនឹងពាក្យខ្មែរបុរាណថា «កុរុងវ្នំ» ត្រូវនឹងភាសាសំស្ក្រឹតថា «បវ៌តភូបាល» ឬសែលរាជ។ ជនជាតិចិនបានហៅឈ្មោះរដ្ឋនេះទៅតាមឋានន្តរនាមនៃស្ដេចគឺ ប៊ីយូណាម > ហ្វូណន > វ្នំ > ភ្នំ ដូចនេះឈ្មោះ ហ្វូណន នេះមកពីជនជាតិចិនហៅប្រាប់តាមឈ្មោះភ្នំជាភាសាខ្មែរមិនច្បាស់ទៅជា ប៊ីយូណាម ឬហ្វូណន។
គ. ឈ្មោះហ្វូណន (តាមភាសាចិន)
រដ្ឋដែលសំខាន់ជាងគេនៅអាស៊ីអាគ្នេយ៍គឺ អាណាចក្រភ្នំ។ ចិនហៅរដ្ឋនេះថា ហ្វូណន។ ពាក្យហ្វូណននេះចិនបូរាណអានថា «ប៊ីយូណាម» មិនដឹងមានន័យប្រាកដថាយ៉ាងម៉េចក្នុងភាសាចិន។
ឯកសារយោង
កម្មវិធីសិក្សារបស់ក្រសួងអប់រំ សិក្សាសង្គមថ្នាក់ទី ១០, ទំព័រទី ១៣០-១៣២, បោះពុម្ពផ្សាយឆ្នាំ ២០១៦ (ផែនទីអាណាចក្រភ្នំទំព័រទី ១៣១)។
ដកស្រង់និងសរសេរកែសម្រួលដោយ: Megn Lai Ya ✓
Knowledge & General Culture ✓