« នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក »
« នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក »
សៀវភៅ «The Queen Mother: An Eventful Life» ជាដង្វាយរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសខួបចម្រើនព្រះជន្មាយុគម្រប់៨០ព្រះវស្សា។ សៀវភៅនេះត្រូវបាននិពន្ធដោយ ឯកឧត្តម Julio A. JELDRES អតីតអ្នកសរសេរព្រះរាជជីវប្រវត្តិ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៦ ជាភាសាអង់គ្លេស ដើម្បីរៀបរាប់អំពីខ្សែជីវិត និងព្រះរាជសកម្មភាពក្នុងការដង្ហែព្រះបរមរតនកោដ្ឋ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ។
ក្នុងចំណោមអនុស្សាវរីយ៍ទាំងឡាយ ដែលត្រូវបានបង្ហាញនៅក្នុងសៀវភៅ ក៏មានដំណើររឿងនៃប្រវត្តិស្នេហារវាង ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្តេចព្រះមហាក្សត្រី ផងដែរ។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រសូត្រ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ដោយមានឈ្មោះពីកំណើត Paule-Monique Izzi ជាកូនស្រីទីពីរនៃឪពុកជនជាតិបារាំងកាត់អ៊ីតាលី លោក Jean-François Izzi និងអ្នកម្តាយនាម លោកចៅឃុន ប៉ុម ពាង។
ដោយយល់ឃើញពីតម្លៃនៃសេចក្តីស្នេហាដ៏មានភក្តីភាពរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ចំពោះ សម្តេចព្រះមហាក្សត្រី និងដោយយល់ឃើញថា នេះជាប្រវត្តិស្នេហាពិតដែលពុំមានប្រជាពលរដ្ឋច្រើនបានដឹងឭ ហើយក៏ដូចជាចូលរួមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា សារព័ត៌មានថ្មីៗសូមអនុញ្ញាតដកស្រង់ និងប្រែសម្រួលអត្ថបទនិយាយពីប្រវត្តិស្នេហារវាងព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហុន ចេញពីសៀវភៅ The Queen Mother: An Eventful life ដើម្បីចែកជូនអ្នកអានរបស់សារព័ត៌មានថ្មីៗ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
តាមពិត អនាគត សម្តេចព្រះមហាក្សត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបនិងស្គាល់ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពីកុមារីមកម្លេះ តាមរយៈឪពុករបស់នាង គឺ លោក Jean-François Izzi ដែលជាមិត្តជិតស្និទ្ធព្រះករុណា ព្រះនរោត្តម សុរាម្រិត។ រីឯមាតារបស់កញ្ញា គឺអ្នកស្រី ប៉ុម ពាង ដែលជិតស្និទ្ធជាមួយជាមួយព្រះអង្គម្ចាស់ នរោត្តម សុធារស និងព្រះអង្គម្ចាស់ក្សត្រី ជាព្រះអាយ្យកោ និងព្រះអាយ្យការបស់ព្រះករុណា នរោត្តម សីហនុ។ យោងតាមទស្សនាវដ្តី Time លោក Jean-François Izzi គឺជាបុរសជនជាតិបារាំងកាត់អ៊ីតាលី ហើយបានមកបំពេញការងារឲ្យធនាគារ Credit Foncier នៅឥណ្ឌូចិននេះ ហើយដែលបានក្លាយជាស្វាមីរបស់អ្នកស្រី ប៉ុម ពាង។
លោក អ៊ីហ្ស៊ី ដែលមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះញាតិវង្សព្រះករុណា ព្រះនរោត្តម សុរាម្រិត នោះ តែងតែចេញចូលនៅរាជដំណាក់របស់ព្រះអង្គ ដែលស្ថិតនៅលើមហាវិថី ឡេង ស៊ីសុវត្ថិ ក្បែរវិមានឯករាជ្យ (បច្ចុប្បន្នជាស្ថានទូតកូរ៉េខាងជើង)។ លោកតែងមានអាររម្មណ៍ស្និទស្នាល និងសប្បាយរីករាយ នៅពេលបាននៅជាមួយព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រី។ លោក អ៊ីហ្ស៊ី តែងតែថ្វាយសៀវភៅល្អៗពីប្រទេសបារាំងទៅក្សត្រា នរោត្តម សីហនុ ដូចជា Ali Baba, A Thousand, One nights, Bicot Bicotin និងសៀវភៅនានាផ្សេងទៀត។
ថ្ងៃមួយ នៅពេលដែលកូនស្រី ម៉ូនិក អាយុបាន១២ឆ្នាំ នាងបានរួមដំណើរជាមួយអ្នកម្តាយរបស់នាង ដើម្បីទៅសួរសុខទុក្ខព្រះញាតិវង្សនៃព្រះអង្គម្ចាស់ សុរាម្រិត និងព្រះអង្គម្ចាស់ក្សត្រី ហើយក៏បានជួបនឹងព្រះមហាក្សត្រ នរោត្តម សីហនុ។ ព្រះមហាក្សត្រវ័យក្មេង នរោត្តម សីហនុ បានមានព្រះរាជឱង្ការប្រាប់អ្នកស្រី ប៉ុម ពាង ថា ក្នុងពេលពីរបីឆ្នាំទៀត ព្រះអង្គនឹងយាងចូលស្តីដណ្តឹងកញ្ញា ម៉ូនិក ដើម្បីរៀបអភិសេកហើយ។ នៅពេលនោះ អ្នកស្រី ប៉ុម ពាង បានឆ្លើយតបវិញយ៉ាងដូច្នេះ៖«ព្រះអង្គ! ព្រះអង្គល្បីល្បាញថា មានដៃគូស្នេហាច្រើនណាស់។ រៀងរាល់៦ខែ ព្រះអង្គតែងប្តូរស្រីកំណាន់។ សូមព្រះអង្គទុកឱ្យកូនស្រីរបស់ខ្ញុំម្ចាស់បានស្វែងរកស្វាមីល្អនិងស្មោះត្រង់ ដែលជាក្សត្រដែលមានមហេសី តែមួយ គឺមិនមែនជាអង្គក្សត្រដែលមានមហេសីច្រើនដូចព្រះអង្គនោះឡើយ។»។
ប៉ុន្មានឆ្នាំក្រោយមក នៅក្នុងពិធីប្រឡងបវរកញ្ញាដែលគាំទ្រដោយអង្គការយូណេស្កូ ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលមានព្រះរាជវត្តមាននៅក្នុងពិធីនោះដែរ បានលើកទឹកចិត្តឱ្យកញ្ញា ម៉ូនិក ចូលរួមក្នុងការប្រឡងជ្រើសរើសបវរកញ្ញានោះដែរ។ ប៉ុន្តែកញ្ញាម៉ូនិក ដែលមិនបានត្រៀមខ្លួនថានឹងចូលរួមក្នុងការប្រឡងនោះ បានឆ្លើយតបទាំងអៀនប្រៀនទៅព្រះរាជា សីហនុ ថា៖«ព្រះអង្គ! បើសិនជាខ្ញុំម្ចាស់មិនឈ្នះនៅក្នុងការប្រឡងនេះទេ ខ្ញុំម្ចាស់ច្បាស់ជាយំហើយ។ តើព្រះអង្គមានអ្វីលួងខ្ញុំម្ចាស់ទេ?»
ព្រះមហាក្សត្រ សីហនុ បានឆ្លើយតបទៅកញ្ញា ម៉ូនិក វិញថា បើសិនជា នាងពុំមានសំណាងបានជាប់ក្នុងការប្រឡងបវរកញ្ញានោះទេ ព្រះអង្គនឹងផ្តល់រង្វាន់ជាពានប្រាក់ដែលមានឆា្លក់ក្បាច់យ៉ាងស្រស់ស្អាត ហើយអ្នកចូលរួមទាំងអស់នឹងទះដៃសាទរនាងដោយក្តីរីករាយ។
តាមពិត នៅក្នុងពិធីនោះ អនាគតសម្តេចព្រះមហាក្សត្រីនៃកម្ពុជាបានឈ្នះការប្រកួតប្រឡងបវរកញ្ញា ហើយក្រោយមក មិនយូរប៉ុន្មាន ព្រះមហាក្សត្រ នរោត្តម សីហនុ បានសុំទៅអ្នកស្រី ប៉ុម ពាង ជាមាតា ដើម្បីចូលស្តីដណ្តឹងកូនស្រីរបស់គាត់។ នៅពេលនោះ លោក អ៊ីហ្ស៊ី បានទទួលមរណភាពហើយ។
អ្នកស្រី ប៉ុម ពាង ជាមាតាបានយល់ព្រមរៀបចំអាពាហ៍ពិពាហ៍កូនស្រីជាមួយនឹងព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពីទទួលបានការផ្តល់យោបល់ពី ឃុនព្រះម្នាង បុប្ជានលក្ខណ៍ មាឃ ដែលជាអ្នកគ្រប់គ្រងនារីទាំងអស់ក្នុងព្រះបរមរាជវាំងក្នុងរជ្ជកាលព្រះ ស៊ីសុវត្ថិ មុនីវង្ស និងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ដែលជាបងប្អូនជីដូនមួយ និងជាដៃគូកីឡាតិន្នីសរបស់ព្រះរាជា នរោត្តម សីហនុ។
នៅក្នុងឆ្នាំ ១៩៥២ ដើម្បីអបអរពិធីរៀបអភិសេក ព្រះមហាក្សត្រ នរោត្តម សីហនុ បានព្រះរាជនិពន្ធចម្រៀងមួយបទដែលមានចំណងជើងថា «រាត្រីដែលបានជួបភក្ត្រ» (Le soir où je t’ai rencontrée) ជាចង្វាក់ ឆា-ឆា-ឆា។ នៅក្នុងឆ្នាំ ១៩៥៣ ព្រះមហាក្សត្របាននិពន្ធបទចម្រៀងបូលេរ៉ូមួយបទទៀតដែលមានចំណងជើងថា «ម៉ូនីកា»។ ជាថ្មីម្តងទៀត តាមរយៈបទចម្រៀងមួយនេះ គឺព្រះមហាក្សត្រ ព្រះបិតាជាតិ ចង់បង្ហាញពីក្តីស្នេហាចំពោះព្រះមហាក្សត្រី បន្ទាប់ពីបទ ម៉ូនីកា នេះ នៅឆ្នាំ១៩៥៤ សម្តេចព្រះបិតាជាតិក៏បានព្រះរាជនិពន្ធបទចម្រៀងមួយទៀតគឺ «កុលាបភ្នំពេញ» ដើម្បីបញ្ជាក់អំពីសេចក្តីស្នេហារបស់ព្រះអង្គចំពោះព្រះវររាជមាតា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺបន្ទាប់ពីឆ្នាំនោះមក ព្រះបរមរតនកោដ្ឋ ព្រះបាទ ព្រះនរោត្តម សីហនុ បានសម្រេចព្រះរាជហឫទ័យធ្វើជាក្សត្រដែលមានមហេសី ដោយបោះបង់ចោល ទំនៀមទម្លាប់ប្រពៃណីចាស់នៃព្រះមហាក្សត្រខ្មែរដែលមានមហេសីច្រើន។
ចាប់តាំងពីពេលនោះមក ស្នេហាដ៏ស្មោះស្ម័គ្ររបស់ព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី មានរយៈពេល៦០ឆ្នាំ រហូតដល់ឆ្នាំ២០១២ ឆ្នាំដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានសោយព្រះទិវង្គត៕ អត្ថបទចេញផ្សាយ ៖ Thmey Thmey
កែសម្រួល ៖ Royal du Cambodge