ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី២

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី២ មាត្រា២៣ នៃផ្នែកទី០៥ ស្ដីពីកំណើតរស់របស់ទារក ដែលកើតក្រៅមូលដ្ឋានសុខាភិបាល ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារទី៣ ព្រមទាំងសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា កិច្ចប្រជុំកាលពីសប្តាហ៍មុនបានពិភាក្សាបញ្ចប់ត្រឹមមាត្រាទី២២ នៃជំពូកទី២ ដោយឡែកនៅព្រឹកនេះកិច្ចប្រជុំនិងបន្តពិនិត្យពិភាក្សាលើមាត្រាទី២៣ ផ្នែកទី៥ ជំពូកទី២ នៃសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះជាបន្តទៀត។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានស្នើឱ្យក្រុមការងារនៃភាគីទាំងពីររវាងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ យកខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់នេះ ធ្វើការសិក្សា និងពិភាក្សាជាលក្ខណៈបុគ្គល ឬជាក្រុម អាចហៅបានថាជាការងារផ្ទះបន្ថែមដើម្បីចងក្រងជាគំនិតផ្សេងៗ សម្រាប់ចូលរួមលើការប្រមូលមតិយោបល់ និងធាតុចូលនានាឱ្យបានកាន់តែច្រើនក្នុងកិច្ចប្រជុំរួមប្រចាំសប្តាហ៏។ ជាងនេះទៀត លោកជំទាវ បានបន្តថា ធ្វើដូច្នេះគឺកិច្ចប្រជុំរួមម្តងៗនិងមានមតិយោបល់ចូលរួមបានច្រើន ហើយការពិភាក្សាក៏កាន់តែស៊ីជំរៅ និងដំណើរការបានលឿនជាងការយកខ្លឹមសារទាំងស្រុងមកពិភាក្សាតែនៅក្នុងកិច្ចប្រជុំរួម ដែលអាចធ្វើឱ្យល្បឿននៃការពិភាក្សាមានការយឺតយ៉ាវ។
សូមរំលឹកផងដែរថា ច្បាប់នេះមាន១២ជំពូក និង១៦៩មាត្រា ដែលមានគោលបំណងរួមដូចខាងក្រោម ៖
ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋាន ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថា ការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខសម្គាល់អត្ត សញ្ញាណបុគ្គល។
និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជាមូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
















