ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាកែទម្រង់ប៉ូលិសរបស់អាមេរិក
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាកែទម្រង់ប៉ូលិសរបស់អាមេរិកកាលពីថ្ងៃម្សិលមិញ ក្រោយមានបាតុកម្មតវ៉ាអូសបន្លាយពេលជាច្រើនថ្ងៃ។
បទបញ្ជាថ្មីនេះនឹងធ្វើការកែប្រែចំណុចអវិជ្ជមានមួយចំនួនរបស់ប៉ូលិសអាមេរិកដូចជាការប្រើកម្លាំង និងហិង្សាខ្លាំងជ្រុលទៅលើជនសង្ស័យនៅកន្លែងកើតហេតុ ហើយវានឹងដាក់សម្ពាធលើប៉ូលិសណាដែលមានប្រវត្តិប្រើកម្លាំងដាក់ជនសង្ស័យលើសដែនកំណត់ដោយសារគេបានបង្កើតបណ្ដុំកត់ត្រាទិន្នន័យមួយ។
រឿងរ៉ាវនៃការស្លាប់របស់ George Floyd គឺជាឧទាហរណ៍មួយស្រាប់ ក្នុងចំណោមឧទាហរណ៍ជាច្រើនទៀតរាប់មិនអស់នៃការប្រើកម្លាំងខ្លាំងហួសហេតុរបស់ប៉ូលិសលើជនសង្ស័យ។
ថ្លែងនៅសេតវិមាន ត្រាំ បាននិយាយសង្កត់ធ្ងន់ឲ្យប៉ូលិសប្រតិបត្តិការបានប្រសើរជាងមុន និងបានសម្ដែងនូវការសោកស្ដាយចំពោះក្រុមគ្រួសារសពដែលកំពុងកាន់ទុក្ខ៕ ប្រភព៖ CNN