ផ្ទះថ្មី២ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ សមាគមអតីតយុទ្ធជន ចុះប្រគល់ផ្ទះថ្មី២ខ្នង ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធពិការចំនួន២គ្រួសារ។
អតីតយុទ្ធជនពិការដែលទទួលបានអំណោយផ្ទះថ្មីមានទី១៖ ឈ្មោះ សៀន សាយ អាយុ៥៦ឆ្នំា ជាអតីតយុទ្ធជននៅអង្គភាព យោធាស្រុកប្រាសាទបល្ល័ង្ក រងរបួស ពិការនៅក្នុងសមរភូមិ ទួលគ្រើលចាស់ ក្នុងឆ្នាំ១៩៩៣ មានសមាជិកគ្រួសារនៅក្នុង បន្ទុក៤នាក់ បានទទួលផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន ជាខ្នងផ្ទះទី១៦០ ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ បច្ចុប្បន្នរស់នៅឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ផ្ទះថ្មីខ្នងទី១៦១ មានទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ សាងសង់ឡើងដោយសសរបេតុង ឆ្អឹងដែកជណ្តើរកាច់ ជញ្ជាំងនិងដំបូលប្រក់ស័ង្កសី បានប្រគល់ជូនគ្រួសារអតីតយុទ្ធ ជនពលី គឺលោកយាយ ជី លិញ អាយុ៦០ ជាភរិយាអតីតយុទ្ធជនពលី ឈ្មោះ សៀក សាត អតីតអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានសមាជិកនៅក្នុងបន្ទុកគ្រួសារ ៥នាក់។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងពីប្រវត្តិនៃការចង់ចាំនូវអតីកាលដ៏ល្វីងជូរចត់នៅលើទឹកដីអនុស្សាវរីយក្នុងភ្លើងសង្រ្គាមនៃសមរភូមិក្នុងឆ្នាំ១៩៩២។
ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលតែងតែដឹងគុណជានិច្ចចំពោះអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ ដើម្បីមាតុភូមិ និងប្រជាជនរស់នៅបានសុខសាន្ត រហូតមកដលពេលនេះ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ បាននាំយកអំណោយ របស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភបន្ថែមមានអង្ករ ៥០គីឡូក្រាម មី២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងថវិកាមួយចំនួនផងដែរ៕​ by FN
អត្ថបទដែលជាប់ទាក់ទង