ដើម្បីបញ្ចៀសការកកស្ទះនិងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងបាត់បង់សោភណ្ឌភាពទីក្រុង អាជ្ញាធរក្រុងព្រះសីហនុលែងអនុញ្ញាតឲ្យអ្នកលក់ដូរតាមចិញ្ចើមថ្នល់
ខេត្តព្រះសីហនុ៖ បើយោងតាមកិច្ចប្រជុំរបស់សាលាក្រុងព្រះសីហនុជាមួយក្រុមអាជីវករកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីពេលនេះតទៅអាជ្ញាធរក្រុងព្រះសីហនុលែងអនុញ្ញាតឲ្យអ្នកលក់ដូរសម្ភារៈប្រើប្រាស់ម្ហូបអាហារ បន្លែ និងត្រីសាច់ ដែលដឹកតាមរទេះរុញ ម៉ូតូ ឬឡាន នៅតាមដងផ្លូវ ចិញ្ចើមផ្លូវនិងទីតាំងសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងព្រះសីហនុតទៅទៀតហើយ។
យោងតាមខ្លឹមសារនៃអង្គប្រជុំបានលើកឡើងថាជាការកត់សម្គាល់អ្នកលក់ដូរទាំងអស់នោះបានប្រើមធ្យោបាយចល័តដូចជារទេះរុញ ម៉ូតូកង់បីនិងឡាន ចតលក់ដូរលើដងផ្លូវ លើចិញ្ចើមផ្លូវតាមឆ្នេរ និងទីតាំងសាធារណៈនានាជាដើមដែលជាហេតុបង្កការលំបាកជាច្រើនដូចខាងក្រោម៖
១-បង្កឲ្យមានការស្ទះចរាចរនិងអាចគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ
២-គ្មានសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គម
៣-បាត់បង់សោភណ្ឌភាពទីក្រុង
៤-ការលក់ដូរមិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវបង្កផលប៉ះពាល់បរិស្ថាន
៥-អ្នកលក់ដូរតាមរទេះរុញ ម៉ូតូកង់បី និងឡានចល័តទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុឬខេត្តព្រះសីហនុ នោះទេតែភាគច្រើនបំផុតគឺមកពីបណ្តាខេត្តផ្សេងៗ
៦-អ្នកលក់ដូរតាមម៉ូតូកង់បីនិងឡានចល័តភាគច្រើនបានប្រាប់ថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បីនិងក្នុងឡានចល័តរបស់ខ្លួនរីឯអ្នកខ្លះបានប្រាប់ថាស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅ បើដូច្នោះដីចិញ្ចើមផ្លូវ ដីអូរ ដីឆ្នេរ ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែប្រាកដជាក្លាយជាមុខសញ្ញាសម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន៕ by KBN