ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារជួបការលំបាកចំនួន ២៤០គ្រួសារនៅឃុំពង្រ
ខេត្តកំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ បានផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារជួបការលំបាកចំនួន ២៤០គ្រួសារ នៅឃុំពង្រស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ ។
លោកជំទាវ ឈឹម ពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានដឹកនាំក្រុមការងារក្រោមឱវាទនាំយកអំណោយ រួមមានអង្ករ មី ម៉ាស់ ទឹកសុទ្ធ ទឹកផ្លែឈើ ទានវស្សា ស្លាដក់ និងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាននិងលោកជំទាវទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៤០គ្រួសារ នៅឃុំពង្រដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងពិធីចែកអំណោយមនុស្សធម៌នេះលោកជំទាវអគ្គនាយិកាបានមានប្រសាសសន៍ថា អំណោយទាំងនេះនឹងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត ខណៈដែលប្រជាពលរដ្ឋខ្លះមានភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ឬមិនអាចចេញទៅបំពេញការងារស្វែងរកប្រាក់ចំណូល ដោយសារតែជម្ងឺកូវីដ១៩។ ក្នុងឱកាសនោះដែរលោកជំទាវ ក៏បានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយអប់រំប្រជាពលរដ្ឋឲ្យបង្កើនការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំកាត់បន្ថយការជួបជុំមិនចាំបាច់ហើយក្នុងករណីសង្ស័យសូមទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ហើយអ្វីដែលសំខាន់ គឺត្រូវយល់ដឹងអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងដល់គ្រួសារ នឹងរីករាលដាលក្នុងសហគមន៍ ។
លោក ឃឹម ប៉ោទៀង មេឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាមមានប្រសាសន៍ថា ការផ្តល់អំណោយនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដឹងសុខដឹងទុក្ខគ្រប់ពេលវេលា ចំពោះប្រជាពលរដ្ឋដែលមានទុកលំបាក ។
សំឡេង ៖ « វាជាពេលវេលាមួយដ៏សមស្របបំផុត ដែលក្រុមការងារទាំងអស់បានយកចិត្តទុកដាក់ ដែលសបញ្ជាក់ឲ្យឃើញថា ក្រុមការងាររបស់រាជរដ្ឋាភិបាលក៏ដូចជារបស់ថ្នាក់ជាតិ គឺមិនទុកឲ្យកន្លែងត្រង់ណាមួយជួបផលវិបាក ហើយនៅទីណាដែលប្រជាពលរដ្ឋមានទុក្ខលំបាកនោះ ពិតជាមានក្រុមការងាររបស់ថ្នាក់លើ ថ្នាក់ដឹកនាំទាំងអស់ គឺយកចិត្តទុកដាក់ចុះមកជួបសួរសុខទុក្ខជានិច្ចជាកាលតរៀងមក »។
សូមបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនគ្រួសារក្រីក្រទាំង២៤០គ្រួសារនោះ គឺក្នុង១គ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ម៉ាស់ និងទឹកសុទ្ធ ។ ចំណែកវត្តសុគន្ធារាម (វត្តពង្រ) បានប្រគេនបច្ច័យ និងទេយ្យទានសំរាប់ព្រះសង្ឃគង់ចាំព្រះវស្សា រួមមាន ទានវស្សា១គូ ស្លាដក់១ អង្ករ៣ប៉ាវ មី៣កេស ត្រីខ២កេស ទឹកផ្លែឈើ២កេស សំភារៈផ្សេងៗទៀតនិងបច្ច័យចំនួន៨៤ម៉ឺនរៀល ៕ by AKP