គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង សហការណ៍ជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ ធ្វើការចុះត្រួតពិនិត្យការកាប់រាន ទន្រ្ទានដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ
ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ដឹកនាំដោយលោក ហោ ប៊ុនហួរ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង សហការណ៍ជាមួយមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំដោយ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានស្តីទីខេត្តព្រះវិហារ បានដឹកនាំកម្លាំងធ្វើការចុះត្រួតពិនិត្យការកាប់រាន ទន្រ្ទានដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិ នៅចំណុចជាំពែន (និយាមកាៈ ០៤៩៣៥២៩-១៤៦១៨០២) ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងឃុំរមណីយ និងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យការកាប់រាន ទន្រ្ទានដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិខាងលើនេះ ធ្វើឡើងតាមការរាយការណ៍ពីប្រជាពលរដ្ឋ ទៅលោកអភិបាលស្រុករវៀង។ ភ្លាមៗនោះ លោក ហោ ប៊ុនហួរ បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងបរិស្ថាន ចុុះទៅដល់ទីតាំងនោះ ក៏បានឃើញមានការកាប់រាន ទន្រ្ទានដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរពិតប្រាកដមែន។ ប្រតិបត្តិការនេះ ហាក់បីដូចជាអ្នកកាប់រាន ទន្រ្ទានដីព្រៃដឹងមុន បានចាកចេញទៅបាត់ដោយមិនមានអ្នកណាម្នាក់នៅក្នុងទីតាំងដីខាងលើនោះឡើយ ដូច្នេះពិបាកក្នុងការសួរនាំរកម្ចាស់។
ក្នុងទីតាំងដីខាងលើ មានកូនស្វាយចន្ទី កូនស្វាយ កូនមាន កូនសាវម៉ាវ កូនដូងជាច្រើនកូនសម្រាប់ត្រៀមដាក់ដាំក្នុងដីព្រៃដែលបានកាប់រាន ទន្រ្ទាននោះ។ ករណីនេះ រងចាំសុើបសួររកម្ចាស់ និងមេខ្លោងនៅពីក្រោយខ្នងក្នុងការកាប់រាន ទន្រ្ទានដីព្រៃខាងលើ ដើម្បីធ្វើនីតិវិធីតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋលើកជាសំនួរថា៖ តើការកាប់រាន ទន្រ្ទានដីព្រៃដើម្បីយកធ្វើកម្មសិទ្ធិខាងលើ ហេតុអ្វីបានជាទីស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរមិនធ្វើការបង្រ្កាប? តែប្រសិនបើប្រជាពលរដ្ឋយកត្រាក់ទ័រ ទៅភ្ជួររាស់ដើម្បីបង្កបង្កើនផលលើដីបង្កបង្កើនផលចាស់ ដែលជាដីកម្មសិទ្ធិរបស់គាត់តាំងពីយូរយារណាស់មកហើយ តើហេតុអ្វីបានជាដែនជម្រកសត្វព្រៃបឹងពែរធ្វើការបង្រ្កាបដោយមិនលើកលែង?
ប្រជាពលរដ្ឋ ក៏បានសំនូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ជាពិសេសឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យករណីខាងលើនេះផង៕