ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតឥណ្ឌា រៀបចំ “ទិវាយោគៈអន្តរជាតិលើកទី៦” នៅសៀមរាប ដោយជោគជ័យ

ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំ “ទិវាយោគៈអន្តរជាតិលើកទី៦” “The 6th International Day of YOGA” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៦:៣០នាទីព្រឹក នាបរិវេណមុខក្លោងទ្វារ នៃប្រាសាទតាព្រហ្ម ខេត្តសៀមរាប-អង្គរ។
ទិវាយោគៈអន្តរជាតិលើកនេះ មានការចូលរួមជាគណៈអធិបតីពីឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ឯកឧត្តម សុខ សង្វារ អគ្គនាយករងអជ្ញាធរជាតិអប្សរា និងតំណាងក្រសួងអប់រំយុវជន និងកីឡា ព្រមជាមួយគ្រូបង្វិកពីប្រទេសឥណ្ឌា អ្នកសារព័ត៌មាន និងអ្នកចូលរួមហាត់ ប្រមាណ១២០នាក់ (មកពីជុំវិញខេត្តសៀមរាប និង ស.ស.យ.ក)។
ក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រៀបចំទិវាយោគៈអន្តរជាតិនេះ បានចំនួន ០៥លើករូចមកហើយ គិតចាប់ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០១៩ ដោយបានរៀបចំនៅតាមគោលដៅទេសចរណ៍ដ៏ពេញនិយមចំនួន ០៥គឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តបាត់ដំបង។ សម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី០៦ ដែលរៀបចំឡើងនៅបរិវេណមុខក្លោងទ្វារ នៃប្រាសាទតាព្រហ្ម ខេត្តសៀមរាប-អង្គរ។
នៅក្នុងស្ថានភាពនៃការីករាយដាលនៃជំងឺ COVID-19 លំហាត់ប្រាណ យូហ្គានេះកាន់តែមានអត្ថប្រយោជន៍ ដើម្បីអោយសារពាងកាយមាំមួន ពង្រឹងប្រព័ន្ធដកដង្ហើម និងប្រព័ន្ធការពារខ្លួន កាត់បន្ថយភាពតានតឹងផ្លូវចិត្ត Stress និងរក្សាបាននូវសុខភាព សុវត្ថិភាព ដល់យើងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លង COVID-19 នេះ ហើយលំហាត់ប្រាណ យូហ្គា ត្រូវបានហ្វឹកហាត់សម្រាប់ អ្នកជំងឺកូវីដ-១៩ ដើម្បីព្យាបាលទប់ទល់ជំងឺនេះ យ៉ាងមានប្រសិទ្ធភាព។
តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍របស់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ” “Cambodia: Kingdom of Wonder-Feel the Warmth” និងជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព នឹងត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោក៕














