សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខមន្ត្រី និងអាជ្ញាធរសង្កាត់គោករការ ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេច បានសាកសួរសុខទុក្ខ ជាពិសេសពីស្ថានភាពជីវភាពរស់នៅ អំពីមុខរបរ ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងស្តាប់របាយការណ៍ស្តីពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់។ សម្តេច ក៏បានសាកសួរអំពីសភាពការណ៍ និងការដោះស្រាយពាក់ព័ន្ធជម្ងឺកូវីដ-១៩ ការបន្តអប់រំផ្សព្វផ្សាយអំពីបណ្តាវិធានការទប់ស្កាត់ និងការពារជម្ងឺ នៅក្នុងមូលដ្ឋានផងដែរ។ហើយក្នុងឱកាសនេះដែរ សម្តេច ក៏បានផ្តល់នូវអនុសាសន៍សម្រាប់ការអនុវត្តន៍បន្តគឺ៖
១-សូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខសុវត្ថិភាព ជូនសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរ ដោយប្តេជ្ញាចូលរួមកាត់បន្ថយភាពអសកម្ម និងរួមកម្លាំងទប់ស្កាត់ កំចាត់រាល់បទល្មើសខុសច្បាប់នានា ឲ្យស្ថិតក្នុងកំរិតទាបបំផុត។
២-ចំពោះការផ្តល់ និងបំរើសេវាសាធារណៈ គឺត្រូវតែអនុវត្តន៍ដោយគ្មានការរើសអើង និងប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធភាព និងឆាប់រហ័ស សូមជួយសម្តេច ក្នុងការពិនិត្យមើល និងផ្តល់ពត៌មានអំពីសមាជិកក្រុមការងារណា ដែលអសកម្ម ឬុមិនបានចូលរួមជួយការងារនៅមូលដ្ឋាន។
៣-ត្រូវបន្តរក្សាការពាររាល់សមិទ្ធផល និងទ្រព្យសម្ភារៈធនធានទាំងអស់ ដែលមាននៅក្នុងមូលដ្ឋាន…។
៤-បន្តរក្សាការពារ និងអភិរក្ស អភិវឌ្ឍន៍រាល់សម្បតិ្តបិតិកភណ្ឌវប្បធម៌មាន វត្តអារ៉ាមជាដើម ដែលមាននៅក្នុងមូលដ្ឋាន រក្សាទុកជាកេរ្ត៍មរតកឲ្យកូនចៅជំនាន់ក្រោយទៀត។
៥-ចំពោះជម្ងឺរាតត្បាតកូវីដ-១៩ មកដល់បច្ច្បន្ន នៅលើពិភពលោក គឺនៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ ហើយបណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចំរើនជឿនលឿន ក៏កំពុងបន្តកើតមាននូវរលកទី២ នៃការរាតត្បាតកាន់តែកើនឡើងរាល់ថ្ងៃ និងមិនទាន់ផលិតបានថ្នាំព្យាបាល ឬវាក់សាំងការពារនៅឡើយ។

ដោយឡែកនៅកម្ពុជាយើង អាស្រ័យដោយរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ ក្តាប់ជាប់ និងគ្រប់គ្រងសភាពការណ៍បានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការទប់ស្កាត់ ការពារ បានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ម្យ៉ាងទៀតកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់រូបម្នាក់ៗសុទ្ធតែមានការយល់ដឹង និងចូលរួមសហការអនុវត្តយ៉ាងសស្រាកស្រាំ នោះទើបស្ថានភាពនៃជម្ងឺនេះ មិនមានសភាពធ្ងន់ធ្ងរហើយ ការចម្លងទៀតសោតក៏នៅតែមិនមានរីករាលដាលដល់ក្នុងសហគមន៍។ មកទល់ថ្ងៃនេះ ករណីឆ្លងមានត្រឹមតែ ១៣០នាក់ តែការព្យាបាលឲ្យជាសះស្បើយ គឺមានចំនួនច្រើន “១២៧នាក់ ” គឺនៅសល់តែអ្នកជម្ងឺ៣នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនទាន់មានអ្នកស្លាប់នៅឡើយ។ តែទោះជា យ៉ាងនេះក្តី សភាពការណ៍កើតមាននូវរលកទី២ នៃការចម្លងកូវីដ-១៩ នៅបណ្តាប្រទេសជាច្រើននាពេលថ្មីៗនេះ គឺជាហេតុផលដែលកម្ពុជាយើងត្រូវតែបង្កើនការប្រុងប្រយ័ត្ន ក្នុងការការពារទប់ស្កាត់ជាបន្តទៀត ហើយ ដែលចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តន៍ខ្ជាប់ខ្ជួននូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែងគឺ៖
-ការអនុវត្តអនាម័យខ្លួនប្រាណ។
– ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
-និងត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់ ដូចជាការធ្វើដំណើរ និងការចូលរួមពិធីនានា ឬនៅកន្លែងដែលមានមនុស្សច្រើនៗ។
ក្នុងករណីមានការសង្ស័យ ឬមានអាការៈមិនស្រួលខ្លួន ដែលអាចពាក់ព័ន្ធនឹងជម្ងឺនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ឬទាក់ទងផ្តល់ព័ត៌មានទៅខ្សែទូរស័ព្ទលេខ ១១៥ ជាបន្ទាន់…។ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ ការពារក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ៕ (អត្ថបទ និងរូបភាព៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា)








