ឯកឧត្តម ទៀ សីហា អភិបាលខេត្ត៖ ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ

កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេស ឈ្មោះផ្លូវ និងលេខផ្លូវក្នុងក្រុងសៀមរាប ក្នុងនោះផ្លូវក្នុងក្រុងសៀមរាប ដែលក្រុមការងារបានសិក្សា និងរៀបចំមានចំនួន ១៨១៦ខ្សែ ក្នុងនោះផ្លូវប្រមាណជាង ៥០ខ្សែត្រូវបានដាក់ឈ្មោះ។

កិច្ចប្រជុំ ក៏បានឯកភាពលើការកំណត់លេខផ្លូវ បានកំណត់ជាប្លុកចំនួន ៤ប្លុក ក្នុងនោះប្លុក(ក) មានចំនួន ៥៧៥ខ្សែ ប្រវែងសរុប ១១៤ពាន់៦០០ម៉ែត្រ , ប្លុក (ខ) មាន ចំនួន ៣០៥ខ្សែ មានប្រវែងសរុប ១៤៨ពាន់៩៩០ម៉ែត្រ , ប្លុក (គ) មានចំនួន៤៤០ខ្សែ មានប្រវែងសរុប ១៣៤ពាន់៣៨០ម៉ែត្រ និង ប្លុក (ឃ) មានចំនួន៤៩៦ខ្សែ មានប្រវែងសរុប ១១៥ពាន់៦៣០ម៉ែត្រ ។ ដោយឡែក ឈ្មោះផ្លូវត្រូវធ្វើការកែសម្រួលមួយចំនួនដោយត្រូវដាក់ជាឈ្មោះវីរជន ឥស្សរជន , សប្បុរសជន និង ឈ្មោះពីប្រវត្តិសាស្ត្រ ឬជាឈ្មោះតាមភូមិសាស្ត្រធម្មជាតិ តាមវប្បធម៌ និងឈ្មោះពីបុរាណ និងទៅតាមទម្លាប់មួយចំនួន ហើយត្រូវស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំជាមុនផងដែរ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវថ្នល់ គម្រោងប្លង់ និង កំណត់គម្រោង សាងសង់ ស្តារឡើងវិញ ក្នុងការកែលម្អ ពង្រីក និង ថែទាំផ្លូវថ្នល់ ព្រមទាំងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក្នុង ការស្នើសុំគោលការណ៍ឯកភាពពីរដ្ឋាភិបាលផងដែរ។ ដូចនេះ រដ្ឋបាលខេត្តនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវលេខផ្លូវ និងឈ្មោះផ្លូវនាពេលឆាប់ៗ ខាងមុខនេះ៕










