ប្រណិតៗជិត២ពាន់ដើម នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ចំនួន៥ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ប្រភេទកូនឈើប្រណិតៗ ប្រមាណជាជិត២០០០ដើម រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំនៅតាមខាងបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយចាប់ផ្ដើមដាំក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើឲ្យរាជធានីភ្នំពេញជាទីក្រុងដែលមានពណ៌បៃតងនិងបរិស្ថានល្អប្រសើរ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ខែមិថុនានេះ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញនិងដាំកូនឈើប្រណិតៗ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ដោយចាប់ផ្ដើមដាំពីស្តុបចំការដូងរហូតដល់រង្វង់មូលគួរស្រូវ ជាប់ព្រំប្រទល់ខេត្តកណ្ដាលហើយប្រភេទដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវចន្លោះពីគ្នាប្រមាណ៨ម៉ែត្រ ហើយជាគម្រោង ដើមឈើដែលត្រូវដាំនៅតាមបណ្តោយផ្លូវនេះមានប្រមាណ១៨៤០ដើម លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។

លោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនទទួលម៉ៅការ ក្នុងការដាំដើមឈើនេះត្រូវចុះធ្វើការសិក្សា ទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈដើម្បីបង្ហាញពីគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលថា យើងនឹងដាំដើមឈើនៅតាមដងផ្លូវនេះ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧នេះ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំ នៅមុខផ្ទះរបស់ពួកគាត់ឲ្យបានល្អ។

ពាក់ព័ន្ធនឹងការដាំដើមឈើប្រណិតៗនេះដែរ លោកឃួង ស្រេងក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែសិក្សាឲ្យបានច្បាស់លាស់មុននៃការដាំដើមឈើទាំងនេះ ដោយត្រូវគិតគូរអោយបានរួចរាល់អំពីទំហំនៃគម្រោងពង្រីកផ្លូវខាងលើក៏ដូចជា គិតគូរពីការដាក់ប្រព័ន្ធលូអោយហើយស្រេច ជៀសវាងមានបញ្ហា យើងកាប់ដើមឈើចោល វាពិតជាសោគស្តាយ។

លោកស្រី គឹម ញឹប បានមានប្រសាសន៍លើកឡើងផងដែរថា ចំពោះគម្រោងនៃការដាំដើមឈើប្រណិតៗនៅតាមបណ្តោយផ្លូវ២១៧នេះ លោកស្រីបានគាំទ្រយ៉ាងពេញទំហឹង ដោយយើងអាចការពារបាននូវការរំលោភចំណីផ្លូវពីសំណាក់ប្រជាពលរដ្ឋមួយចំនួន ៕







