អភិបាលស្រុកតាំងគោកចុះមើលទីតាំងចែកទឹកនិងដោះស្រាយទឹកជូនប្រជាកសិករ
ខេត្តកំពង់ធំ៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោកនិងសហការីជំនាញពាក់ព័ន្ធបានចុះធ្វេីការសម្របសម្រួល ក្នុងកិច្ចអន្តរាគមន៍ទឹកសម្រាប់សង្គ្រោះស្រូវបងប្អូនប្រជាកសិកដែលប្រឈមនឹងការខូចខាត តាមប្រឡាយមេ១មករារហូតដល់អាងសម្តេចហ៊ុនសែនទន្លេរជុំ នៃទឹកដីស្រុកបារាយណ៌ដោយការយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារបានចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពដំណាំស្រូវរបស់ប្រជាកសិករ ដែលស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំផងដែរ។
លោក ហាក់ ម៉ុងហួត ក៏បានធ្វើការសួរសុខទុក្ខ និងមើលស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាកសិករ។ លោកបានលើកឡើងពីការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពីបញ្ហាគ្រោះធម្មជាតិ រាំង ស្ងួត នៅឆ្នាំនេះ ដែលអាចបណ្តាល ឲ្យប៉ះពាល់ដំណាំកសិកម្ម ដែល ជាប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រជាកសិករ។ កត្តាខាង លើនេះ ធ្វើឲ្យរាជរដ្ឋាភិបាល បានឲ្យមានក្រសួងធនធានទឹក និងឧតុនិយម ចេញនូវសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដល់សាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយបន្ត ដល់មូលដ្ឋាន ដើម្បីមានវិធានការត្រៀមបង្ការទប់ស្កាត់ ដោយមិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់ទឹកនោះ ។
នៅក្នុងការចុះនោះផងដែរលោកធ្វើការក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវមានវិធានការជាបន្ទាន់ ក្នុងការរំដោះទឹកចែកជូនប្រជាកសិករឲ្យបានដល់ស្រែរបស់ពួកគាត់ ជៀសវាងការខូចខាតដោយសារអត់ទឹកពីព្រោះពួកគាត់ពឹងផ្អែកទៅលើដំណាំស្រូវដើម្បីបង្កើនសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់ពួកគាត់។ក្នុងនាមអាជ្ញាធរមិនត្រូវផ្ដេកផ្ដួលដោយមិនរវល់នឹងទុក្ខលំបាករបស់ប្រជាជនឡើយ ព្រោះយើងដូចជាម៉ែឪរបស់ពួកគាត់៕