សត្វស្វាត្រោស១ក្បាល ត្រូវបានលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមលែងសត្វស្វាត្រោសចំនួន១ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។

សត្វស្វាត្រោស១ក្បាលនេះ ត្រូវបានក្រុមការងារអនុវត្តច្បាប់ចល័តនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកបានពីលោក ជឹម ផន្នី ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈលោកជួយសង្រ្គោះបានពីការតាមប្រម៉ាញ់ ហើយបានទំនាក់ទំនងទៅកាន់មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ឲ្យមកទទួលដើម្បីការពារ អភិរក្ស ថែទាំសុខភាព និងលែងឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

ក្នុងឱកាសនោះ លោកជំទាវបានថ្លែងអំណរគុណ ដល់មន្រ្តីឧទ្យានុរក្ស ដែលបានសហការជាមួយមន្រ្តីល្បាតនៃអង្គការ WWF ដែលបានខិតខំការពារ និងអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសបានអប់រំចំណេះដឹងបរិស្ថាន និងបានចូលរួមថែទាំសុខភាពសត្វព្រៃ ដែលដកហូតបានពីបទល្មើសធនធានធម្មជាតិ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនដោយស្ម័គ្រចិត្ត ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

លោកជំទាវ បានលើកទឹកចិត្តផងដែរឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិរក្សសត្វព្រៃ ដើម្បីរក្សាការពារនិងបន្តពូជពង្សកូនសម្រាប់ឲ្យមនុស្សជំនាន់ក្រោយបានឃើញនិងស្គាល់៕
