មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ នាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យវត្ថុ និងគ្រឿងបរិក្ខារមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តគិរីបរពទ្ធ័ហៅវត្តឡំស្ថិតក្នុងស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ លោក បួនសេង សុពិសិដ្ឋ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ រួមនិងលោកមេបញ្ញាររងព្រមទាំងបងប្អូនញាតិមិត្ត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បាននាំយកបរិក្ខារ ទេយ្យទាន និងបច្ច័យទៀនព្រះវស្សាយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស នៅវត្តគិរីបរព័ទ្ធ ហៅវត្តឡំ ស្ថិតក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោក បួនសេង សុពិសិដ្ឋ បានឲ្យដឹងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសារគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ លោកបន្តថា នៅជារៀងរាល់ឆ្នាំ លោកនិងពុទ្ធបរិស័ទនានាតែងតែបាននាំយកនូវទៀន ព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនេះដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋយើង ។
តាមសង្ឃដីការរបស់ព្រះគ្រូចៅអធិការវត្តខាងលើបានបញ្ជាក់ថា ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាមរហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា ។
សូមបញ្ជាក់ថា សម្ភារៈបរិក្ខារដែលបានប្រគេនព្រះសង្ឃវត្តនាគវន្តគិរីបរព័ន្ធ នាពេលនេះរួមមាន អង្ករ៤បេ ប្រេងកាត ២កាន ទឹកសុទ្ធ ២០យួរ សំភារៈមួយចំនួន និងបច្ច័យចំនួន ២លាន ៩០មុឺន និង១០០ដុល្លារ និងទៀនវស្សា១គូរ៕




