ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល ជំរុញឲ្យអភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់សារព័ត៌មានឲ្យបានលឿន និងទទួលយកបាន
ខេត្តកណ្តាល៖ ឯកឧត្ដមអភិបាលរងខេត្ត ជំរុញបែបនេះក្នុងកិច្ចប្រជុំកែសម្រួលសមាសភាពក្រុមការងារ ដើម្បីពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សាយសារព័ត៌មាន និងការបង្ហោះសារ ឬពាក្យបណ្ដឹងចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុករដ្ឋបាលខេត្ត និងកិច្ចប្រជុំត្រួតពិនិត្យ លើសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។
ឯកឧត្ដមភិបាលរងខេត្ត បន្តថា នៅពេលដែលរដ្ឋបាលខេត្តធ្វើលិខិតជូនគ្រប់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវចុះធ្វើការសិក្សាស្រាវជ្រាវ ឲ្យបានច្បាស់លាស់ ហើយត្រូវធ្វើរបាយការណ៍ឆ្លើយបំភ្លឺមករដ្ឋបាលខេត្ត ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងច្បាស់លាស់ ពិសេសត្រូវចៀសវាងពាក់ព័ន្ធជាមួយឈ្មួញ និងបទល្មើសក្នុងមូលដ្ឋាន។
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បានស្នើសុំដល់កិច្ចប្រជុំ ឲ្យមានអភិបាលរង ក្រុង ស្រុក និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីទទួលផែនក្នុងការឆ្លើយតប នូវរាល់គ្រប់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ឲ្យបានលឿន រហ័ស និងទទួលយកបាន។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរងខេត្ត បានស្នើដល់ មន្ទីរអង្គភាព ដែលមានលទ្ធភាព ក្នុងការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ត្រូវផ្ដល់ជូនមន្ត្រីជំនាញខេត្តឲ្យបានទាន់ពេលវេលា៕ សភារាជ