ឯកឧត្ដមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ចូលរួមចំណែកសកម្មភាពមនុស្សធម៌ជាមួយសាខាកាកបាទក្រហមខេត្ត
ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ឯកឧត្ដមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បាននាំយកសម្ភារៈសម្រាប់ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមានជែល(ON1 500 ML) ៣២កេះ និង១០ដប ជែល(Dr lee 500ML) ១កេះ ម៉ាស់ ៣កេះធំ និង១៧ប្រអប់ សាប៊ូ(protex)១១កេះនិង១២ប្រអប់ ដែលជាអំណោយផ្ទាល់ខ្លួនឯកឧត្ដម មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើកបន្ថែមទៀត ។
ក្នុងឪកាស់នោះឯកឧត្ដមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានមានប្រសាសន៍ឱ្យដឹងថា សម្ភារះសម្រាប់ការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់ឯកឧត្ដមផ្ទាល់ ដែលជាវប្បធម៌នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងស្របពេលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខជាមួយការឈ្លានពានពីជម្ងឺឆ្លង កូវីដ-១៩ ដែលក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដាក់ចេញនូវវិធានការពារជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់វីរុសមួយនេះ និងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។
ឯកឧត្ដមបានមានប្រសាសន៍បន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្ន ក៍ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗទៀតលើសកលលោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក៏ដោយ ប៉ុន្តែយើងរួមគ្នា ប្រមូលកម្លាំងដើម្បីការពារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩មួយនេះឲ្យបាន។ហើយនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើវិស័យមនុស្សធម៌។
ជាការឆ្លើយតបឯកឧត្ដម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមកិត្តិនិតិកោសលបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ដែលបានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជាខេត្តក្រចេះដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗបានទាន់ពេលវេលា។
ឯកឧត្ដម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ មានប្រសាសន៏បន្តថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងចាត់ចែងប្រើប្រាស់សម្ភារៈទាំងអស់នេះ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេសដើម្បីបម្រើសេចក្តីត្រូវការរបស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងការការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕