Detail Top Banner

៤ចំណុច ដើម្បីស្វែងយល់អំពីប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់ ដោយប្រើប្រាស់ Money Mule


នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នយើងសង្កេតឃើញថា មានបងប្អូនពលរដ្ឋកម្ពុជាមួយចំនួន បានធ្លាក់ក្នុងល្បិចកលឧក្រិដ្ឋជនដោយបានចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ដែលទទួលបានពីអំពើល្បើសច្បាប់ផ្សេងៗ តួយ៉ាង៖ លុយដែលបានពីការលួចចូលប្រព័ន្ធធនាគារ លុយបានមកពីអំពើលួចចូលគណនីអ៊ីម៉ែលបញ្ឆោតផ្ទេរប្រាក់ ការលួចទិន្នន័យ និងដាក់លក់លើទីផ្សារងងឹត ឬជាលុយបានពីប្រភពខុសច្បាប់ផ្សេងៗទៀត។ បន្ទាប់ពីទទួលបានលុយកង្វក់ទាំងនោះ ឧក្រិដ្ឋជនរមែងប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីបង្វែរលុយទាំងនោះមកប្រើប្រាស់ ឬបញ្ចូលទៅកាន់ប្រព័ន្ធធនាគារស្របច្បាប់។
ថ្ងៃនេះក្រុមការងារនឹងធ្វើការបកស្រាយអំពី “Money Mule” ដែលជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសជាច្រើន ប្រើប្រាស់ដោយឧក្រិដ្ឋជន។ “Money Mule” គឺបុគ្គលកណ្តាលដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនក្នុងការចូលរួមប្រតិបត្តិការផ្ទេរប្រាក់ដែលបានពីអំពើល្មើសច្បាប់ ជាថ្នូរនឹងប្រាក់កំរៃជើងសារ (ភាគរយ) និងមានដំណើរការដោយសង្ខេបដូចខាងក្រោម៖
១- ឧក្រិដ្ឋជនធ្វើការទាក់ទងបុគ្គលដែលជាគោលដៅ “Money Mule” តាមរយ:កម្មវិធីបណ្តាញទំនាក់ទំនងសង្គម អ៊ីម៉ែល កម្មវិធីសារអេឡិចត្រូនិក ឬគេហទំព័រស្វែងរកការងារ ដោយសន្យាផ្តល់ការងារក្រៅម៉ោង ឬការផ្តល់កាដូ ឬការលួងលោមមនោសច្ចេតនា (online dating ឬ romantic scam)
២- ឧក្រិដ្ឋជនណែនាំបុគ្គលដែលជា “Money Mule” បើកគណនីធនាគារ ឬប្រើប្រាស់គណនីធនាគារដែលមានស្រាប់ ដោយប្រើប្រាស់អត្តសញ្ញាណផ្ទាល់របស់ “Money Mule”
៣- ឧក្រិដ្ឋជនធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់ “Money Mule” និងណែនាំឲ្យធ្វើការផ្ទេរប្រាក់មួយចំនួនបន្ត ដោយប្រើប្រាស់ហេតុផលផ្សេងៗ។ មានករណីមួយចំនួនឧក្រិដ្ឋជនបញ្ជា “Money Mule” ធ្វើការដកសាច់ប្រាក់ និងបញ្ជូនប្រាក់ទាំងនោះទៅពួកគេដោយផ្ទាល់តែម្តង។
៤- បន្ទាប់ពីបញ្ចប់ប្រតិបត្តិការផ្ទេរប្រាក់ និងទទួលបណ្តឹងពីជនរងគ្រោះ (ម្ចាស់ប្រាក់)។ ធនាគារនឹងធ្វើការសហការណ៍ជាមួយមន្ត្រីអនុវត្តច្បាប់ដើម្បីចាត់វិធានការ ចំនែកបុគ្គលដែលជា “Money Mule” នឹងត្រូវបានកោះហៅឲ្យចូលខ្លួនដោះស្រាយ ឬធ្វើការសងប្រាក់ទាំងនោះឲ្យទៅជនរងគ្រោះវិញ និងពេលខ្លះ “Money Mule” អាចនឹងត្រូវបានចាត់វិធានការផ្លូវច្បាប់ផងដែរ។
ដើម្បីកុំឲ្យធ្លាក់ខ្លួនក្លាយជា Money Mule ត្រូវអនុវត្តចំនុចមួយចំនួនដូចខាងក្រោម៖
– មិនត្រូវផ្តល់ព័ត៌មានហិរញ្ញវត្ថុរបស់អ្នកទៅបុគ្គលដែលលោកអ្នកពុំស្គាល់ ឬទើបតែស្គាល់តាមអ៊ិនធឺណេត
– ជៀសវាងទទួលការងារ ដែលតម្រូវឲ្យអ្នកប្រើប្រាស់គណនីធនាគារខ្លួនឯង ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយហេតុផលផ្សេងៗ៕ ដោយ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង