កងនាវាអាមេរិក កំពុងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាមួយ ខណៈចិនក៏កំពុងដឹកនាំការធ្វើសមយុទ្ធយោធា

វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ។
ឧត្ដមនាវីឯកអាមេរិក ចច វីកូហ្វ (George Wikoff) បានប្រាប់ពីការធ្វើសមយុទ្ធដល់សារព័ត៌មាន Wall Street Journal នៅថ្ងៃសុក្រសប្ដាហ៍នេះ។
កងនាវាអាមេរិក កំពុងបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាមួយ ខណៈចិនក៏កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្បែរដែនជម្លោះ ក្នុងតំបន់ដែនទឹកនៅក្នុងតំបន់នេះដែរ។

លោក ចច បានបន្ថែមថា នាវាផ្ទុកយន្ដហោះចម្បាំង USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) រួមទាំងនាវាចម្បាំង ៤គ្រឿងផ្សេងទៀត នឹងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះតែម្ដង។ ប៉ុន្តែទន្ទឹមគ្នានេះដែរ លោក George Wikoff មិនបានបង្ហើបឱ្យដឹងឡើយពីទីតាំងពិតប្រាកដនៃការធ្វើសមយុទ្ធយោធា ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក កើតមានឡើងក្នុងពេលតែមួយ ដែលចិនកំពុងដឹកនាំការធ្វើសមយុទ្ធរយៈពេល ៥ថ្ងៃ នៅក្បែរទីប្រជុំកោះជម្លោះ ផារ៉ាសែល (Paracel) ចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍នេះ និងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងតឹងសរសៃកដាក់គ្នា លើបញ្ហាជាច្រើនក្នុងនោះរួមមាន ទាំងការអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង។ Paracel គឺជាទីប្រជុំកោះដែលចិន និងវៀតណាម កំពុងមានជម្លោះនឹងគ្នា ដោយប្រទេសទាំង ២ សុទ្ធតែបានអះអាងថា ទីប្រជុំកោះនេះជាសកម្មសិទ្ធិនៃប្រទេសរបស់ពួកគេរៀងៗខ្លួន៕
