សេះសមុទ្រ ជាប្រភេទត្រីសមុទ្រម្យ៉ាងដែលមានរូបរាងចម្លែក ព្រមជាមួយនឹងលក្ខណៈប្លែកៗជាច្រើនទៀត

ភ្នំពេញ៖ សេះសមុទ្រ (ប្រជានេសាទខ្លះហៅថាត្រីសេះ) ដែលមានឈ្មោះ វិទ្យាសាស្រ្ត Hippocampus និងឈ្មោះពាណិជ្ជកម្ម seahorse ក្រៅតែពីមានរូបរាងចម្លែក នៅមានលក្ខណៈប្លែកៗជាច្រើនទៀតដែលយើងមិនបានដឹង ។​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីពេលថ្មីៗនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល បានមានប្រសាសន៍ថា សេះសមុទ្រ ចែកជាពីរក្រុម គឺក្រុមមានបន្លា និងក្រុមគ្មានបន្លា គឺជាប្រភេទត្រីសមុទ្រម្យ៉ាង ដែលមានរូបរាងចម្លែកដូចជាសេះ ហើយហែលបញ្ឈរ ខុសពីប្រភេទត្រីទូទៅ ខណៈត្រីឈ្មោលជាអ្នកពពោះ ហើយវាជាប្រភេទត្រីស៊ីសាច់ជាអាហារ ដែលខុសពីរូបរាងរបស់វា ដែលមើលទៅគួរឱ្យស្រលាញ់ 

លោក អ៊ុក វិបុល បានមានប្រសាសន៍ថា៖ សេះសមុទ្រ គឺជាត្រីសមុទ្រម្យ៉ាង ដែលមានក្បាលដូចនឹងសត្វសេះដូច្នោះដែរ ពួកវាមានទំហំចាប់ពី១,៦ ទៅ ៣៥សង់ទីម៉ែត្រ និងទម្ងន់ប្រហែល៥០០ក្រាម ពេលពេញវ័យ ហើយវាអាចរស់បានចាប់ពី១ឆ្នាំ រហូតដល់៥ឆ្នាំ តាមប្រភេទតូច និងធំ ខណៈសេះសមុទ្រជាប្រភេទមំសាសីសត្វ ដែលស៊ីសត្វល្អិតដែលរស់នៅក្នុងសមុទ្រជាអាហារ ដូចជាកូនបង្គាតូចៗ កូនត្រីល្អិតៗ ប្លង់តុង និងប្រភេទមួយចំនួនស៊ីស្លែ និងរុក្ខជាតិ (ស៊ីចម្រុះ) ហើយចំពោះការហែលរបស់វាវិញ គឺខុសពីត្រីទូទៅ ដោយវាហែលបញ្ឈរ តាមរយៈរូបរាបញ្ឈររបស់វាស្រាប់ និងជាពិសេសគឺតាមរយៈព្រុយខ្នងតូចមួយ ប្រៀបដូចជាចង្វារទូក ដែលបក់ ដើម្បីឱ្យវាហែលទៅមុខបាន។ ពាក់ព័ន្ធនឹងការបន្តពូជវិញ ខ្ញុំសូមជម្រាបផងដែរថា សេះសមុទ្រនេះ អាចបន្តពូជនៅអាយុចាប់ពីប្រមាណ៧ខែឡើងទៅ ហើយការបន្តពូជរបស់ពួកវាគឺមួយឆ្នាំពេញតែម្តង ដោយពុំមានរដូវនោះទេ ខណៈពេលចាប់ផ្តើមបន្តពូជ គឺសេះសមុទ្រញីចាប់ផ្តើមមានពង វាក៏បានផ្ទេរពងទាំងនោះទៅសេះសមុទ្រឈ្មោល ដើម្បីឱ្យសេះសមុទ្រឈ្មោលពពោះបន្ត រហូតដល់កើតជាកូន ហើយបញ្ចេញកូនចេញមកក្រៅ ដែលកូនម្តងៗគឺចន្លោះពី៥០ ទៅ១០០កូន ប៉ុន្តែកូនដែលអាចរីកលូតលាស់រហូតដល់ពេញវ័យគឺមានចំនួនតិចមែនទែន ព្រោះតែវាត្រូវប្រឈមនឹងគ្រោះថ្នាក់នៃប្រភេទត្រីផ្សេងៗដែលស៊ីកូនៗរបស់ពួកវាជាអាហារ ។

លោក អ៊ុក វិបុល បានថ្លែងបន្តថា៖ សេះសមុទ្រនៅក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានចន្លោះពី ៧ ទៅ ៨ប្រភេទ ហើយការរស់នៅរបស់ពួកវា គឺផ្សេងៗគ្នា ហើយមានរាយប៉ាយស្ទើរគ្រប់ទីកន្លែង ដោយមួយចំនួនរស់នៅតំបន់ស្មៅសមុទ្រ មួយចំនួនរស់នៅតំបន់ផ្កាថ្ម និងវាលខ្សាច់ ។ល។ ដែលខុសពីជ្រូកទឹក ដែលរស់នៅតែតំបន់ដែលមានស្មៅសមុទ្រប៉ុណ្ណោះ។ ខ្ញុំសូមជម្រាបជូនផងដែរថា បើទោះជាសេះសមុទ្រ បានរស់នៅស្ទើរគ្របដណ្តប់ទូទាំងសមុទ្រនៃកម្ពុជាយើងក៏ដោយ គឺចាប់ពីសមុទ្រខេត្តកោះកុង រហូតដល់ខេត្តកែប ហើយអាយុអាចបន្តពូជរបស់វាគឺខ្លី (ឆាប់បានបន្តពូជ) ក្នុងរង្វង់៧ខែឡើងទៅ ពួកវាអាចបន្តពូជបាន ព្រមជាមួយនឹងការមានកូនម្តងៗបានច្រើនក៏ពិតមែន គឺចន្លោះពី៥០ទៅ១០០កូនម្តងៗ ប៉ុន្តែសេះសមុទ្រនេះ កំពុងតែប្រឈមនឹងការបាត់បង់ជាបណ្តើរៗហើយ ព្រោះតាមការប៉ាន់ស្មានរបស់ខ្ញុំ សេះសមុទ្របានបាត់បង់ផលស្តុកលើសពី៥០ភាគរយហើយ ក៏ព្រោះតែមានការបំផ្លាញកន្លែងរស់នៅរបស់វា និងមានការលួចប្រមូលទិញ ដើម្បីនាំចេញទៅក្រៅប្រទេស ។

យោងតាមការសិក្សាស្រាវជ្រាវ ការបន្តពូជរបស់សេះសមុទ្រមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទ និងតំបន់ដែលវារស់នៅ ដោយសេះសមុទ្រធ្វើការបន្តពូជពេញមួយឆ្នាំ ប៉ុន្តែពេលខ្លះឥទ្ធិពល នៃបរិស្ថានរស់នៅ ដូចជាពន្លឺ សីតុណ្ហភាព ធ្វើឱ្យសេះសមុទ្រមានការខកខានក្នុងការបន្តពូជផងដែរ។ សេះសមុទ្រចូលចិត្តរស់នៅ និងបន្តពូជនៅតំបន់ត្រូពិ ហើយការបន្តពូជរបស់ពួកវាប្រព្រឹត្ដទៅរវាងសត្វញីនិងសត្វឈ្មោលដូចប្រភេទផ្សេងៗទៀតដែរ ប៉ុន្តែខុសត្រង់ សេះសមុទ្រញីជាអ្នកផលិតអូវុល (ស៊ុត) រីឯសត្វឈ្មោលជាអ្នកផលិតស្ពែម ហើយការបន្ដពូជរបស់វាប្រព្រឹត្ដទៅនៅក្នុងខ្លួនសត្វញី។ បន្ទាប់ពីធ្វើការបន្ដពូជហើយសត្វញី បានធ្វើការផ្ទេរស៊ុតទៅឱ្យសត្វឈ្មោលដើម្បីថែរក្សា។ ស៊ុតទាំងនោះត្រូវធ្វើការលូតលាស់នៅក្នុងថងពោះ (Brood pouch) របស់សត្វឈ្មោល ហើយស៊ុតដែលលូតលាស់នៅក្នុងខ្លួនសត្វឈ្មោល ត្រូវប្រើរយៈពេលប្រមាណពី ៩-៣០ថ្ងៃ (អាស្រ័យនឹងប្រភេទនីមួយ) ទើបធ្វើការញាស់ចេញជាកូន។

ពាក់ព័ន្ធនឹងការងារអភិរក្ស ក៏ដូចជាបញ្ហាប្រឈមរបស់សេះសមុទ្រ លោក អ៊ុក វិបុល បានសម្តែងក្តីបារម្ភថា៖ ក្នុងចំណោមត្រីសមុទ្រ សេះសមុទ្រគឺជាករណីគួរឱ្យព្រួយបារម្មួយរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ CITES ព្រោះពួកវាស្ថិតនៅក្នុងការគំរាមកំហែងដោយសារការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយមានអ្នកចាំប្រមូលទិញ ហើយហាលឱ្យក្រៀម រួចហើយនាំចេញទៅក្រៅប្រទេសដោយខុសច្បាប់ ក៏ព្រោះតែមានជំនឿថា ថាការបរិភោគសេះសមុទ្រគឺប៉ូវសុខភាព ក៏ដូចជាជួយបង្កើនសមត្ថភាពផ្លូវភេទ ដែលទាំងនេះគឺជាហានិភ័យមួយសម្រាប់ការរស់រានរបស់សេះសមុទ្រនៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមរបស់សេះសមុទ្រនៅកម្ពុជាយើង គឺជាចេតនាដោយប្រយោល និងមិនប្រយោល របស់ប្រជានេសាទយើង ព្រោះថាសេះសមុទ្រភាគច្រើនគឺចាប់បានដោយទូកអូសដែលលួចធ្វើសកម្មភាពអូសនៅតំបន់ទឹករាក់ គឺប្រាកដណាស់នឹងចាប់បានសេះសមុទ្រហើយ ខណៈបើអូសក្នុងតំបន់ទឹកជ្រៅនឹងមិនប៉ះពាល់សត្វប្រភេទនេះទេ ប៉ុន្តែនៅពេលដែលយើងចាប់ពិន័យពួកគាត់ដែលលក់ត្រីសេះនេះ គឺពួកគាត់តែងតែប្រកែកថា ពួកគាត់គ្មានបំណងនឹងចាប់ ឬអូសអួនដើម្បីប្រមូលសេះសមុទ្រនេះទេ ប៉ុន្តែគឺវាជាប់មកដោយឯកឯង ហើយនៅពេលលើកឡើងលើទូក គឺពួកវាស្លាប់អស់ទៅហើយ ។

លោកប្រធាននាយកដ្ឋានអភិរក្សជលផលបានបញ្ជាក់ថា សេះសមុទ្រនេះគឺងាយនឹងស្លាប់ណាស់ បើជាប់អួនអូសរបស់អ្នកនេសាទ ទោះបីក្រុមការងារអភិរក្ស នៃរដ្ឋបាលជលផល តែងតែណែនាំ និងចុះផ្សព្វផ្សាយអំពីការងារអភិរក្ស ទៅដល់ប្រជានេសាទក៏ដោយ គឺមានមួយចំនួនបានចូលរួម ប៉ុន្តែមួយចំនួនក៏ពុំបានចូលរួម ព្រោះថា សេះសមុទ្រមានតម្លៃថ្លៃគួរសម ហើយមានអ្នកចាំប្រមូលទិញស្រាប់ ដែលសេះសមុទ្រមានតម្លៃប្រហែល ១០០០រៀល ទៅ៣០.០០០រៀល (ស្រស់) ក្នុងមួយក្បាលអាស្រ័យទៅតាមប្រភេទ និងទំហំរបស់សេះសមុទ្រ ហើយសេះសមុទ្រ(ស្ងួត) ក្នុងមួយគីឡូក្រាម (ប្រហែល២៥០ក្បាល) មានតម្លៃប្រហែល ១លានរៀល ទៅ ១,២លានរៀល។

ជាចុងក្រោយ លោក អ៊ុក វិបុល ក៏សូមអំពាវនាវ ដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងប្រកបរបរនេសាទនៅដែនសមុទ្រកម្ពុជា ត្រូវបញ្ឈប់ជាបន្ទាន់នូវការអូសអួនក្នុងតំបន់ទឹករាក់ ដែលផ្ទុយពីច្បាប់ស្តីពីជលផល គឺការហាមអូសអួននៅតំបន់ទឹករាក់ ដែលជាតំបន់ដែលមានស្មៅសមុទ្រ តំបន់មានផ្កាថ្ម ហើយក៏ជាជម្រករបស់ត្រីកម្រ និងថនិកសត្វទឹកច្រើនប្រភេទទៀត មានដូចជាជ្រូកទឹក អណ្តើកសមុទ្រ និងសេះសមុទ្រនេះជាដើម។

សេះសមុទ្រ មានចំនួន៤៦ប្រភេទ នៅទូទាំងពិភពលោក ហើយប្រភេទខ្លះស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រូវបានចាត់ថ្នាក់ក្នុង អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃ កំពុងរងគ្រោះថ្នាក់ (CITES) ក្នុងឧបសម្ពន្ធ II គឺសំដៅដល់ប្រភេទអាចរងគ្រោះប្រសិនបើការធ្វើពាណិជ្ជកម្មដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ដោយឡែក ព្រះរាជាណាចក្រកម្ពុជាយើងបានចាត់ថ្នាក់សេះសមុទ្រថាជាក្រុមប្រភេទក្រុមកំពុងរងការគំរាមកំហែងឈានទៅរកការជិតផុតពូជ តាមរយៈអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ដោយហាមដាច់ខាតការចាប់ ដឹកជញ្ជូន និងលក់ប្រភេទនេះ៕ BY (AKP)

អត្ថបទដែលជាប់ទាក់ទង