មន្ទីរកសិកម្មខេត្តសៀមរាប​ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)

ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បាន​ជូនដំណឹងដល់សាធារណជន នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)។

នៅក្នុងសេចក្តីជូននេះ បានបញ្ជាក់ថា តាំង​ពីបុរាណកាលមកសត្វសុនខ ឬឆ្កែ ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង។នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ ដើម្បីធ្វើជាម្ហូបអាហារមានភាពអានាធិបតេយ្យ និងកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងរាលដាលជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ(Four Paw)។នៅក្នុងសេចក្តីជូនដំណឹងនេះ​ បានបញ្ជាក់ថា ការដើរទាក់-ទិញ និងពិឃាតសត្វអានាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២, ១១៣, ១១៥នៃច្បាប់នេះ។ ដូច្នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ ឬឆ្កែ គ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។

សូមបញ្ជាក់ផងដែរថា កន្លងមកនេះ លោក យ៉ិន វិទូ តំណាងឱ្យក្រុមអ្នកស្រឡាញ់សត្វសុនខ ក្នុងខេត្តសៀមរាប ក៏ធ្លាប់បានអំពាវនាវសុំឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សុនខ ទាំងអស់គ្នា។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានការចូលរួមជាច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកស្រឡាញ់សត្វសុនខ ជាពិសេសក៏មានការចូលរួមពីភ្ញៀវបរទេសដែលបានមកលេងក្នុងខេត្តសៀមរាប បានមកចូលរួមផងដែរ ដែលរហូតមកដល់ពេលនេះមានអ្នកស្រឡាញ់សត្វសុនខ នៅខេត្តសៀមរាបប្រមាណ ១ម៉ឺននាក់ហើយ។ ក្រុមពួកលោកតែងតែរៀបចំកម្មវិធីផ្សព្វផ្សាយអំពីការលុបបំបាត់នូវរាល់សកម្មភាពនៃការលក់ដូរ និងការបរិភោគសាច់សុនខ ជាបន្តបន្ទាប់ផងដែរ ៕ by AKP(ដោយ ឃុត សៅ)

អត្ថបទដែលជាប់ទាក់ទង