លោកជំទាវ ដួង វណ្ណ បន្តនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារងាយរងគ្រោះសរុបចំនួន ៥៧គ្រួសារក្នុងស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុគណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២០ នេះបានបន្តនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ សរុបចំនួន ៥៧ គ្រួសារ ក្នុងស្រុកកំពង់រោទិ៍ មកពីឃុំស្វាយតាយាន ៣២ គ្រួសារ ឃុំញរ ១២ គ្រួសារ និងឃុំរាជមន្ទីរ ១៣ គ្រួសារ ។

នាឱកាសនោះលោកជំទាវ ដួង វណ្ណា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយសូមឲ្យយកចិត្តទុកដាក់គិតគូរពីបញ្ហាសុខភាពជាចម្បង ត្រូវមានអនាម័យស្អាតជានិច្ច ជាពិសេស បន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា ។

បន្ថែមពីនេះសូមប្រជាពលរដ្ឋទាំងអស់ បន្តខិតខំប្រឹងប្រែងប្រកបរបរបង្កបង្កើនផល ដើម្បីជីវភាពគ្រួសារ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍និងរស់នៅជាមួយគ្នាដោយភាពសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព ។

ទន្ទឹមនឹងនេះ លោកជំទាវ បានគូសបញ្ជាក់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភ របស់ពិភពលោកទាំងមូល ប៉ុន្តែប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានសម្រេចនូវជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយមិនឲ្យមានអ្នកស្លាប់ និងគ្រប់គ្រងមិនឲ្យមានការឆ្លងក្នុងសហគមន៍ តាមរយៈការដាក់ចេញនូវ វិធានការច្បាស់លាស់ និងទប់ស្កាត់បានទាន់ពេលវេលា ។ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង ៥៧គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ២៥គីក្រូ មី ១កេស ត្រីខ ១០កំប៉ុង អាវយឺត ២សាប៊ូ ២ដុំ ក្រម៉ា ១ម៉ាស់ ១ថវិកា ៤០០០០រៀល ក្នុងឱកាសនោះលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភបន្ថែមដល់ប្រជាពលរដ្ឋទាំង ៥៧គ្រួសារ ក្នុង ១គ្រួសារ ថវិកា ១០០០០រៀល ៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង

អត្ថបទដែលជាប់ទាក់ទង