មន្ទីរបរិស្ថានខេត្តសៀមរាបគ្រោងដាំកូនឈើចម្រុះប្រមាណ ២០០០ដើមបន្ថែមទៀតនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេននារដូវវស្សានេះ

ខេត្តសៀមរាប៖ មន្ទីរបរិស្ថានខេត្តសៀមរាបគ្រោងដាំកូនឈើចម្រុះប្រមាណ ២០០០ដើមបន្ថែមទៀតនៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេននារដូវវស្សានេះ ដើម្បីស្តារគម្របព្រៃឈើឡើងវិញឲ្យមានភាពបៃតង និងរក្សាប្រភពទឹកក្រោមដី សម្រាប់ទ្រងទ្រង់គ្រឹះប្រាសាទជាដើម។

ប្រធានមន្ទីរខេត្តសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ក្រុមការងារជំនាញនិងធ្វើការដាំកូនឈើឡើងវិញប្រមាណ២០០០ដើម ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដែលកូនឈើទាំងនោះជាប្រភេទឈើចម្រុះ មានដូចជា៖កូនឈើបេង ក្រញូង គគីរ និងឈើទាលជាដើម។


មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដាឆ្នាំ២០២០នេះ លោកស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាបបានឲ្យដឹងថា ការដាំដើមឈើឡើងវិញនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារការហូច្រោះ រក្សាទឹកក្រោមដី និងដើម្បីការពារគ្រឹះប្រាសាទបុរាណដែលជាទីតាំងបុរាណដ្ឋាននៅលើខ្នងភ្នំ។
សំឡេង៖នៅថ្ងៃទី១០ខែកក្កដានេះយើងនិងដាំដើមឈើបន្ថែមទៀតចំនួន២០០០ដើមនៅភូមិតាពេញ នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលេន ហើយកម្មវិធីបន្តប្រហែលដាំ៤០ហិតានៅលើភ្នំហ្នឹង ហើយមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ក្រុមប្រឹក្សា ក្នុងការស្តារដាំព្រៃឈើឡើងវិញ ដើម្បីមានភាពបៃតង ទាក់ទាញទឹកភ្លៀង រក្សានូវប្រភពទឹកក្រោមដី សំរាប់ការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្ត ការប្រើប្រាស់ទឹកលើវិស័យកសិកម្ម ការប្រើប្រាស់ប្រចាំថ្ងៃ»។


ជាមួយគ្នានេះលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបក៏បានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់នោះ សូមចូលរួមក្នុងការការពារនិងថែរក្សាធនធានធម្មជាតិដែលមានស្រាប់ នៅតាមទីសាធារណៈនិងតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីការពារធម្មធានជីវចម្រុះ ដែលជាវិស័យមួយក្នុងការទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងការទាកទាញភ្ញៀវទេសចរជាដើម។


សូមជម្រាបផងដែរថា កាលពីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២០កន្លងទៅ មន្ទីរបរិស្ថានខេត្តសៀមរាបបានដាំកូនឈើឡើងវិញប្រមាណ៤០០០ដើមម្តងរួចមកហើយ នៅលើភ្នំគូលេននេះ ដើម្បីធ្វើការស្តារគម្របព្រៃឈើឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង