ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានមុខព្រួញទទួលបន្ទុកខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវវស្សា និងសកម្មភាពការងារមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ៖
– ចំពោះស្ថានភាពទឹកប្រើប្រាស់ប្រចាំថ្ងៃនិងទឹកសម្រាប់ការងារបង្កបង្កើនផលនៅទូទាំងខេត្តត្បូងឃ្មុំ មកដល់ពេលនេះពុំទាន់មានចំណោទជាបញ្ហាខ្វះទឹកនៅឡើយទេ
– សម្រាប់ការងារបង្កបង្កើនស្រូវវស្សានៅពេលនេះកំពុងមានការលូតលាស់ល្អបងប្អូនកសិករបន្តការងារសាបព្រោះដកស្ទូងយ៉ាងមមាញឹក គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះអនុវត្តបានចំនួន ៥៥៤៦០ហិកតា ស្មើ ៧១,៦៧% នៃផ្ទៃដីផែនការចំនួន ៧៧៣៨០ហិកតា
– ស្ថានភាពទឹកភ្លៀងមានអំណោយផលល្អភ្លៀងបានធ្លាក់រាយប៉ាយគ្រប់ ក្រុង ស្រុក នៅទូទាំងខេត្ត គិតពីដើមឆ្នាំមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ មានបរិមាណ ចំនួន ៤៨៥,៧ មីលីម៉ែត្រ ប្រៀបធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះតិចជាងឆ្នាំមុនចំនួន ៤០,៨មីលីម៉ែត្រ
– ការងារទប់ការពារច្រាំងទន្លេមេគង្គដោយក្រុមការងារមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់សំបកបាវ Geotextile Bag បាញ់ខ្សាច់បញ្ចូល បានចាប់អនុវត្តពីថ្ងៃទី០១ ខែកក្កដា មកដល់ពេលនេះ អនុវត្តបាន៣ទីតាំងទី១នៅវត្តរការធំភូមិរការធំ មានប្រវែង ២០០ម៉ែត្រ ទី២ នៅទីតាំងភូមិកំពុងឬស្សីទប់បំពេញបន្ថែមបានប្រវែង ២០០ម៉ែត្រ នៅទីតាំងទាំងពីស្ថិតនៅឃុំជីរោទិ៍ទី១ ស្រកត្បូងឃ្មុំ និងទីតាំងទី៣នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារបានប្រវែង១៥០ម៉ែត្រ ។
– វឌ្ឍនភាពនៃដំណើរការជួសជុលនិងសាងសង់ប្រព័ន្ធស្រោចស្រពចំនួន២កន្លែង នៅក្នុងស្រុកឆ្មាររួមមាន ទី១ ជួសជុលទំនប់ បឹងជីសែន មានទីតាំងនៅក្នុងឃុំជំនីក មានប្រវែង ៤.៨០០ម៉ែត្រ និងសំណង់ទ្វារទឹកចំនួន ២កន្លែង មកដល់ពេលនេះសម្រេចបានលទ្ធផល ៧០% និងទី២ សាងសង់សំណង់ទ្វារទឹកចំនួន ២កន្លែងនិងស្ពានបេតុងឆ្លងកាត់ស្ថិតនៅក្នុងឃុំរកាខ្នុរ សម្រេចការងារបានចំនួន៩០% ៕






