ប្រជាពលរដ្ឋល្អ ៨៧គ្រួសាររស់លើផ្លូវសាធារណៈ ស្ម័គ្រចិត្តចូលរួមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ ទៅទទួលយកដីកម្មសិទ្ធិស្របច្បាប់

ប្រជាពលរដ្ឋល្អ ៨៧គ្រួសាររស់លើផ្លូវសាធារណៈ បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់មិនរៀបរយលើផ្លូវសាធារណៈ ទៅទទួលយកដីកម្មសិទ្ធិស្របច្បាប់សម្រាប់សាងសង់លំនៅដ្ឋាននៅតំបន់អភិវឌ្ឍន៍ថ្មី។

ក្រោយទទួលបានការយល់ព្រមផ្តល់ជូនដីឡូតិ៍ទំហំ ៤ម៉ែត្រគុណនឹង ១៥ម៉ែត្រក្នុងមួយខ្នងផ្ទះ ពីសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈសំណើររបស់បងប្អូនប្រជាពលរដ្ឋសហគមន៍បន្ទាយស្លឹក ចំនួន ៨៧ខ្នងផ្ទះ រស់នៅលើផ្លូវសាធារណៈលេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរួចមក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បងប្អូនម្ចាស់ផ្ទះទាំងអស់បានស្ម័គ្រចិត្តចូលរួមរុះរើសំណង់របស់ខ្លួនជាមួយអាជ្ញាធរដោយស្មារតីសហការ និងសប្បាយរីករាយ ដើម្បីរៀបចំសម្ភារៈនិងដឹកជញ្ជូនទៅទីតាំងដីឡូតិ៍ថ្មីដែលអាជ្ញាធររាជធានីភ្នំពេញបានរៀបចំផ្តល់ជូន ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយស្នាក់នៅបណ្តោះអាសន្នមួយរយៈក្នុងផ្ទះដែលបានរៀបចំទុកជូន។

ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរៀបចំចាត់ចែងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់តាំងពីដំណាក់កាលចាប់ផ្តើម រៀបចំនីតិវិធី រហូតឈានដល់ការរុះរើដោយស្ម័គ្រចិត្តដែលបងប្អូនប្រជាពលរដ្ឋពេញចិត្តទទួលយក៕




