ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ

រណាយន្តនៅតែជាឧបករណ៍ដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ការរឹបអូសមានការកើនឡើង បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ។
៦ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគូរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបានចុះល្បាតទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានរឹបអូសរណាយន្តចំនួន ២៣៦៩គ្រឿង។

ក្នុងមួយឆ្នាំ ២០១៩ កន្លងទៅ រណាយន្តចំនួន ៣៤៩៤ គ្រឿងត្រូវបានដកហូតនិងរឹបអូសពីក្នុងតំបន់ការពារធម្មជាតិ។ ក្នុងកិច្ចសហការរវាងក្រសួងបរិស្ថាននិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារនិងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងតំបន់ជួរភ្នំក្រវាញដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺសរុបផ្ទៃដីអភិរក្សមានទំហំ ១,៤លានហិកតា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០) បានរឹបអូសបានរណាយន្តចំនួន ១៩៥៤ គ្រឿង។

ការប្រើប្រាស់រណាយន្តក្នុងគោលបំណងទុច្ចរិតបំផ្លិចបំផ្លាញធនធានធម្មជាតិគឺជាក្តីព្រួយបារម្ភមួយដែលចាំបាច់អាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមចាត់វិធានការក្នុងគ្រប់គ្រងនិងរឹតបន្តឹងវិធានការលើការប្រើប្រាស់ ឬលក់ដូររណាយន្តឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលជាមន្ត្រីនគរបាលយុត្តិធម៌បាននិងកំពុងបន្តត្រួតពិនិត្យ និងចាត់វិធាន ការក្តៅដកហូតយករណាយន្តដែលប្រជាពលរដ្ឋបានយកចូល និងប្រើប្រាស់ខុសច្បាប់ក្នងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានសូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចមន្ត្រីឧទ្យានុរក្ស ក្នុងករណីឃើញមានការនាំយកនូវរណយន្ត ឬការប្រើប្រាស់រណាយន្តខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនានាដើម្បីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានចាត់វិធានច្បាប់ដកហូត និងពិនិត្យលើការអនុវត្តវិធានការច្បាប់បន្តលើករណីផ្សេងទៀត៕




