Detail Top Banner

ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិការក្រសួងព័ត៌មា​ន ឧបត្ថម្ភថវិកា១លានរៀល​ ដល់កវីនិពន្ធ​ សូ វិសិដ្ឋ ដែលធ្លាក់ខ្លួនឈឺធ្ងន់ ​កំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយនូវស្ថានភាពជំងឺ និងអាការៈរោគរបស់​តន្ត្រីករ និងជាកវីនិពន្ធបទ «ព្រះឥន្ទទាត់សី» លោក សូ វិសិដ្ឋ បានធ្លាក់ខ្លួនឈឺធ្ងន់ ចូលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតរួចមក ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិការក្រសួងព័ត៌មា​ន បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដើម្បីជួយសម្រាលទុក្ខលំបាកគ្រួសារ ក្នុងការព្យាបាលជំងឺរបស់លោកគ្រូ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
ដោយ​សារ ឯកឧត្តម សាម៉ន បណ្ឌិត្យ បានស្គាល់ និងធ្លាប់រាប់អានគ្នាជាយូរមកហើយ ជាមួយនឹងលោកគ្រូ សូ វិសិដ្ឋ ហើយពេលឃើញស្ថានភាពបែបនេះ ទើបលោកជួយឧបត្ថម្ភជាថវិកា ដើម្បីសម្រាលទុក្ខលំបាកបានខ្លះ។ គួរំលឹកថា លោកគ្រូ សូ វិសិដ្ឋ មានស្នាដៃច្រើនណាស់ ជាពិសេសគឺការនិពន្ធបទ​ចម្រៀង ជូនបក្សប្រជាជនកម្ពុជា ត្រូវបានគេស្គាល់ថា ជាតន្រ្តីករ និងជាកវីនិពន្ធបទចម្រៀង “ព្រះឥន្ទទាត់សី” និងបទ “មេម៉ាយសប្បាយចិត្ត”… ព្រមទាំងបទចម្រៀងអប់រំ តាមក្រសួង និងស្ថាប័នរដ្ឋនានារាប់រយបទ បានធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងមក​នេះ ខណៈដែលលោកមានអាការៈងងឹតមុខ ពិបាកដកដង្ហើម ចុកក្នុងទ្រូង និងជាតិខ្លាញ់ក្នុងខ្លួនឡើងខ្លាំង កន្លងមកលោកមិនដែលមានអាការៈបែបនេះទេ ពោលគឺលោកមានកម្លាំងកំហែងធម្មតា។
ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ ពេលដែលលោកកំពុងជិះម៉ូតូ ស្រាប់តែខ្លួនរបស់លោកបែកញើសជោគ ហើយងងឹតមុខឈឹងតែម្ដង។ ពេលនោះលោកបង្ខំចិត្តឈប់ម៉ូតូ ហើយបានខលទូរស័ព្ទទៅកូន ដើម្បីឲ្យបញ្ជូលរូបលោកទៅមន្ទីរពេទ្យ។ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យឯកជនមួយ គឺគេមិនទទួលព្យាបាលនោះទេ ព្រោះអាការៈកាន់តែធ្ងន់ពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។ បើតាមប្រភពបន្ត​ទៀត​ថា ក្រោយពីលោកគ្រូពេទ្យពិនិត្យ និងតាមដានព្យាបាលរួចមក គឺបានបង្ហាញលទ្ធផល ថា លោកមានជំងឺគៀបសរសៃបេះដូង ជំងឺទឹកនោមផ្អែម លើសជាតិស្ករ និងជាតិខ្លាញ់ឡើងខ្លាំង ដែលត្រូវធ្វើការតាមដាន និងពិនិត្យច្រើនថ្ងៃទៀត ទើបបានធូរស្រាល។
លោកបន្តថា ដោយសារមានជំងឺភ្លាមៗបែបនេះ ធ្វើឲ្យការងារសិល្បៈរបស់លោក ដូចជាការផលិតបទចម្រៀងអប់រំផ្នែកចរាចរ​ចំនួន ១៤បទ ត្រូវបានរាំងស្ទះ បទចម្រៀងនិពន្ធជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនបទត្រូវបានផ្អាកទាំងពាក់កណ្ដាលទី និងកម្មវិធីប្រគំតន្រ្តីជាច្រើនទៀត ត្រូវបានផ្ទេរទៅអ្នកផ្សេង។
សូមបញ្ជាក់ថា លោកគ្រូ សូ វិសិដ្ឋ គឺជាតន្ត្រីករ និងជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីមួយរូប ឲ្យផលិតកម្មក្រៅប្រទេស ជាពិសេសលោកមានស្នាដៃច្រើន ក្នុងការតាក់តែងនិពន្ធបទជូនគណបក្សប្រជាជនកម្ពុជា និងនិពន្ធចម្រៀងអប់រំលើច្បាប់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង ការអប់រំតាមគោលការណ៍ភូមិ-ឃុំសុវត្ថិភាព ដែលមានរហូតដល់រាប់រយបទផងដែរ៕
អត្ថបទដែលជាប់ទាក់ទង