ឯកឧត្តម អភិបាលខេត្តដាក់ចេញវិធានការសំខាន់លើការងារទប់ស្កាត់ទន្រ្ទានដីរដ្ឋ ការងារសន្តិសុខ និងបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៥រោ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំដោយដាក់វិធានការចំនួន ៣ សំខាន់ៗ ទី១: វិធានការទប់ស្កាត់ការរុករានទន្រ្ទានដីរដ្ឋគ្រប់ប្រភេទ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប ទី២: ការបង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ទី៣: ដំណើរការនិងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រ។

ក្រោយការរាយការណ៍ និងពិភាក្សារួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវ វិធានការនេះសម្រាម់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់យកទៅអនុវត្តដូចខាងក្រោម :
-ត្រូវចុះពិនិត្យទីតាំភូមិសាស្រ្តតាមផែនទីប្រើប្រាស់ដីឆ្នាំ2002 ដើម្បីធ្វើបច្ចុប្បន្នភាពដីរដ្ឋ ស្ថិតិប្រជាពលរដ្ឋ និងដីប្រជាពលរដ្ឋកាន់កាប់ប្រើប្រាស់ជាក់ស្តែង។

-បង្ការ និងទប់ស្កាត់បញ្ហាកូដកម្ម និងបាតុកម្មនៅតាមបណ្ដាក្រុង ស្រុក ដោយការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។
-ពិនិត្យលើដំណើរការ និងនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ពិសេសឲ្យចំគោលដៅគឺប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ។ រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ព្រមទាំងចាត់វិធានការដាច់ខាតចំពោះបុគ្គលណាដែលអនុវត្តខុសគោលការណ៍ និងនីតិវិធី។ បន្ថែមលើសនេះ រដ្ឋបាលក្រុង ស្រុកត្រូវរៀបចំក្រុមការងារដើម្បីដកសិទ្ធិ(ដកប័ណ្ណសមធម៌)ចំពោះគ្រួសារដែលមានលក្ខខណ្ឌមិនស្របតាមគ្រួសារក្រីក្រតែមានប័ណ្ណសមធម៌។

-កងកម្លាំងប្រដាប់អាវុធត្រូវរៀបចំឲ្យមានកម្លាំល្បាត តាមពេលវេលា ទីតាំង ជាពិសេសមុខសញ្ញាមានសកម្មភាពលួច ឆក់ ប្លន់។ល។
ឯកឧត្តម បានសង្កត់ធ្ងន់ថាមេឃុំ ចៅសង្កាត់ត្រូវហាមដាច់ខាតចំពោះការចុះហត្ថលេខាទិញ លក់ដីរបស់រដ្ឋ និងត្រូវពិនិត្យផ្តល់ការបើកប្រាក់ឧបត្ថម្ភគ្រួសារក្រីក្រជូនប្រពរដ្ឋដែលក្រពិតប្រាកដ៕













