រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំរៀបចំគណៈកម្មការគ្រប់គ្រង ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំកែលំអរ តាមបណ្ដោយមាត់ព្រែកកំពង់បាយ
ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ចង្អៀតស្ដីពីការរៀបចំ គណៈកម្មការគ្រប់គ្រង ការស្ដារព្រែកកំពង់បាយ ដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា និងការរៀបចំកែលំអ នៅតាមបណ្ដោយមាត់ព្រែកកំពង់បាយខេត្តកំពត ដែលកិច្ចប្រជុំនេះមានការចូលរួមពី មន្ត្រីថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត និងរដ្ឋបាលក្រុងកំពតនិងស្រុកទឹកឈូ សរុប១៣នាក់។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នតាមបណ្ដោយព្រែកកំពតមានការហូរទឹកនៅកន្លែងខ្លះមួយចំនួន ដែលតម្រូវឱ្យមានការរៀបចំឱ្យបានល្អស្អាតឡើងវិញ និងដោយផ្ដើមចេញពីការបារម្ភណ៍ទឹកជំនន់នៅរដូវវស្សាចូលក្រុងកំពតផង ។ ដូច្នេះកិច្ចប្រជុំពេលនេះរដ្ឋបាលខេត្ត នឹងផ្ដើមរៀបចំគណៈកម្មការមួយ ដើម្បីស្ដារព្រែកកំពង់បាយនេះ ឲ្យបានកាន់តែល្អស្អាតបន្ថែមទៀត សាកសមជាខេត្តគោលដៅទេសចរណ៍ ដើម្បីធ្វើឲ្យខេត្តមួយនេះមានការទាក់ទាញ។
ក្នុងនោះ រដ្ឋបាលខេត្ត នឹងមានគម្រោង ស្ដារព្រែកកំពត និងកែលំអរសោភ័ណភាពតាមដងព្រែកឲ្យបានកាន់តែល្អប្រសើរ ប្រកបដោយអនាម័យបរិស្ថាន ធានាបានសុខមាលភាពសាធារណៈ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពតឲ្យបានកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា រដ្ឋបាលខេត្តកំពតនិងខិតខំ រៀបចំឲ្យបានល្អស្អាតនៅដំណាច់ចុងឆ្នាំ២០២០ ខាងមុខនេះ ពិសេសសម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំតែម្ដងដែល រដ្ឋបាលខេត្តនឹងខិតខំជំរុញការងារស្ដារនិងកែលម្អសោភ័ណភាពតាមបណ្ដោយមាត់ព្រែកកំពតនេះសម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តកំពតមកទស្សនាកំសាន្ត ជាហូរហែថែមទៀតផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តកំពត