អាជ្ញាធរខេត្តឧត្តរមានជ័យធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅទូទាំងខេត្ត ដើម្បីជួយសម្រួលការលំបាកក្នុងការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងការស្រោចស្រពលើវិស័យកសិកម្ម
ឧត្តរមានជ័យមាន៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នខេត្តឧត្តរមានជ័យមានស្ថានីយ៍ឧត្តុនិយមស្វ័យប្រវត្តិចំនួន៥កន្លែងនិងស្ថានីយ៍ជលសាស្រ្តចំនួន៥កន្លែង ដែលសំណង់ធារាស្រ្តទាំងនេះ បាននឹងកំពុងចូលរួមគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតដោយធានាបានទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋព្រមទាំងជួយដល់វិស័យកសិកម្មក្នុងខេត្តដែលមានការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការលើការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ មន្ទីធនធានទឹក និងឧត្តុនិយមខេត្តឧត្តរមានជ័យបានអភិវឌ្ឍន៍ ស្តារនិងកសាង ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូបង្ហូរទឹក ស្ទើរគ្រប់ទីកន្លែងដូចជា ប្រព័ន្ធធារាសាស្រ្តខ្នាតតូចមានចំនួន ៥៧កន្លែង ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យម មានចំនួន២៨កន្លែង និងប្រព័ន្ធធារាសាស្រ្តខ្នាតធំមានចំនួន ៣កន្លែង ដែលអាចស្រោចស្រព ផ្គត់ផ្គង់ទឹកស្រោចលើដីស្រែរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺន៥ពាន់ហិកតា ដែលជួយបង្កើនផលដំណាំផ្សេងៗពិសេសដំណាំស្រូវឲ្យដុះលូតលាស់បានល្អ និងទទួលបានផលច្រើន។
បើនិយាយពីប្រព័ន្ធធារាសាស្ត្ររបស់យើង យើងគ្រប់ដណ្ដប់ទៅលើដីស្រូវវស្សាចំនួន ៣ម៉ឺនប្រាំពាន់ហិកតា គឺប្រភពទឹកដែលជួយបានទាំងការរាំងស្ងួត និងរដូវវស្សា ហើយអាងទឹកទាំងអស់នេះមកទល់ម៉ោងនេះប្រភពទឹកគឺនៅសល់កន្លែងខ្លះសល់ ៤០% ៥០% ឬ៦០% ក្រៅពីការជួយខេត្តឧត្តរមានជ័យរបស់យើងសព្វថ្ងៃនេះ រយៈពេល៧ខែហើយដែលយើងបានបញ្ជូនទឹកពីឧត្តរមានជ័យទៅជួយដល់ខេត្តខាងក្រោមទៀតផង។
សូមបញ្ជាក់ថាកាលពីឆ្នាំ២០១៩កន្លងទៅ ខេត្តឧត្តរមានជ័យធានាបាននូវការផ្គត់ផ្គង់ទឹកប្រើប្រាស់គ្រប់គ្រាន់ពិសេសស្រោចស្រពលើការដាំដុះដំណាំស្រូវនិងដំណាំកសិឧស្សាហកម្មនៅទូទំាងខេត្ត ៕