ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ អញ្ជើញចុះពិនិត្យដំណើរការដាក់សាកល្បងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួង ព្រមទាំតំណាងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដឹកនាំដោយឯកឧត្តម ស៊ឹម ស៊ីថា ជាអគ្គនាយក និងលោកស្រី Ophélie Bourhis ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដាក់ឱ្យដំណើរការសាកល្បង នៃគម្រោងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតចំការមន ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។ នេះបើតាមផេកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍។ សូមរម្លឹកថា គម្រោងសាងសង់ពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន គឺជាគម្រោងដែលបានកំណត់ក្នុងផែនការមេទី៣ របស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមគម្រោងហិរញ្ញប្បទានរួមគ្នា ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងថវិកាបដិភាគដោយអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់ចំនួនជាង១៥ លានដុល្លារសហរដ្ឋអាមេរិក និងជិត ០៨លានអឺរ៉ូ។ គម្រោងនេះបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០១៨ ដោយក្រុមហ៊ុន វ៉ាំង ស៊ី (VINCI) ជាអ្នកទទួល ខុសត្រូវក្នុងការសាងសង់ និងស្ថិតក្រោមការត្រួតពិនិត្យដោយទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន សាហ្វេរ (Safage)។ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានពង្រីកសមត្ថភាពអាង ប្រព្រឹត្តិកម្មរបស់ខ្លួននាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ និងបានដាក់ឱ្យដំណើរការសាកល្បង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ គម្រោងនេះ រួមបញ្ចូលក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធទាំងមូល រួមទាំងបណ្តាញមេនាំទឹកល្អក់ ដែលមានសមត្ថភាពបូមទឹកល្អក់ពីទន្លេបាសាក់បានចំនួន៥៧.០០០ ម៉ែត្រត្រីគុណ ក្នុងមួយថ្ងៃ និងនាំទឹកស្អាតនៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមននេះ ក្នុងសមត្ថភាពផលិតចំនួន៥២.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ក្នុងដំណើចុះពិនិត្យឈ្វេងយល់កាលពីថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមនប្រកបដោយ ជោគជ័យនេះ ដែលជាជំនួយដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ទឹកក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុង ខណ្ឌចំការមន ដែលកំពុងមានការរីក ដុះដាលយ៉ាងព្រោងព្រាតនូវសំណង់អគារធំៗ ខ្ពស់ៗ ហើយនៅពេលខាងមុខឆាប់ៗ យើងនឹងអាចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបាន។ សូមបញ្ជាក់ថា សមត្ថភាពរោងចក្រប្រព្រឹត្តិកម្មផលិតទឹកស្អាតបច្ចុប្បន្នរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបចំនួន៦៣២.០០០ ម៉ែត្រត្រីគុណ គឺ៖ស្ថានីយភូមិព្រែក មានសមត្ថភាពផលិតបាន១៧ ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយជ្រោយចង្វារមានសមត្ថភាពផលិត ១៥ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ-ស្ថានីយនិរោធមានសមត្ថភាពផលិតបាន ២៦ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងស្ថានីយរោងចក្រចំការមននេះ មានសមត្ថភាពផលិតបាន ៥ម៉ឺន ២ពាន់ម៉ឺនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាទស្សនៈវិស័យរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវខិតខំបន្ថែមទៀត ក្នុងការពង្រីកសមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការ ស្របពេលដែលរាជធានីភ្នំពេញបច្ចុប្នន្នត្រូវបានពង្រីកផ្ទៃក្រឡារបស់ខ្លួនធំជាងមុនហើយការវិវឌ្ឍន៌សំណង់អគារធំៗ និងប្រជាពលរដ្ឋក៏មានការកើនឡើងយ៉ាងឆាប់រហ័សផងដែរ។
ដោយឡែក ការពង្រីកទុន និងការទាក់ទាញវិនិយោគ ការស្វែងរកប្រភពជំនួយ និងដៃគូអភិវឌ្ឍន៌គឺជាការងារចាំបាច់ ដើម្បីដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតឱ្យដល់ទីប្រជុំជន និងឈានដល់តំបន់ជនបទ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ដែលចង់ឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ ជៀសផុតបាននូវជំងឺដង្កាត់ផ្សេងៗ ដោយសាការប្រើប្រាស់ទឹកមិនស្អាត៕