ដំណក់រ៉ែមាសលើកដំបូងលើទឹកដីខេត្តមណ្ឌលគិរី នឹងលេចចេញជារូបរាង នៅអំឡុងចុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានអះអាងថា ដំណក់រ៉ែមាសលើកដំបូងលើទឹកដីខេត្តមណ្ឌលគិរី នឹងលេចចេញជារូបរាងនៅអំឡុងចុងឆ្នាំ២០២០ឬឆ្នាំ២០២១ ខាងមុខនេះ ការបង្ហាញជំនឿបែបនេះ គឺធ្វើឡើងបន្ទាប់ពីប្រើប្រាស់ពេលវេលាសិក្សាជាយូរឆ្នាំមកហើយនោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋ បាលខេត្តមណ្ឌលគិរី» នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ក្រុមហ៊ុនចំនួនពីររបស់ប្រទេសអូស្ដ្រាលី និង ប្រទេសចិន ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីរាជរដ្ឋាភិបាលជាអ្នកធ្វើអាជីវកម្ម។ ឯកឧត្ដមបានបន្ដថា ក្រុមហ៊ុនបរទេសទាំងពីរនេះបានបញ្ចប់ការសិក្សារួចហើយ ដែលអាចធ្វើអាជីវកម្មរ៉ែមាស នៅខេត្ដមណ្ឌលគិរី អំឡុងឆ្នាំ២០២០ ឬ២០២១ខាងមុខនេះ ពោលនៅពេលក្រុមហ៊ុនរៀបចំខ្សែសង្វាក់ផលិតកម្មរួចរាល់។ ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ចំនួនពីរក្រុមហ៊ុនដែលបានសិក្សាឃើញបរិមាណរ៉ែមាស ដែលអាចក្រុមហ៊ុននឹងធ្វើអាជីវកម្មបាន គឺក្រុមហ៊ុនរឺនីសង់របស់ប្រទេសអូស្ដ្រាលី និងក្រុមហ៊ុនរ៉ុងឆេង របស់ប្រទេសចិន។
ឯកឧត្តមអភិបាលខេត្ដបានថ្លែងទៀតថា នៅខេត្តមណ្ឌលគិរី មានសក្ដានុពលរ៉ែ មានរ៉ែច្រើនប្រភេទដូចជា រ៉ែមាស សំណ បុកស៊ីត។ល។ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសិក្សាជម្រករ៉ែចំនួន១០ក្រុមហ៊ុន ស្មើនឹង១១អាជ្ញាប័ណ្ណ៕ by AKP