ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ
កាលពីថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូ ចំនួន ៣គម្រោង ដែលអនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រើប្រាស់ថវិកាជំពូក ២១ ដែលរួមមាន៖
១. ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ២ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ ១ ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងផ្លាកឈ្មោះផ្លូវ ២កន្លែង ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
២. ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ៣ខ្សែ ប្រវែងសរុប ៩ ០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ សាងសង់លូប្រអប់មុខបី ១កន្លែង លូមូលមុខពីរ ៤កន្លែង លូមូលមុខមួយ ៧កន្លែង និងផ្លាកឈ្មោះផ្លូវ ២កន្លែង ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
៣. ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ៦ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូមូលមុខបី ១កន្លែង លូមូលមុខពីរ ២កន្លែង លូមូលមុខមួយ ៣កន្លែង និងផ្លាកឈ្មោះផ្លូវ ២កន្លែងស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប (បញ្ចប់សុពលភាព)៕