ពាន KW Cambodia League បន្ដការប្រកួតវិញ ក្រោយផ្អាក ៤ខែ ដោយសារកូវីដ-១៩
ភ្នំពេញ៖ ពានរង្វាន់ KW Cambodia League ឆ្នាំ២០២០ បានបន្ដការប្រកួតឡើងវិញហើយ បន្ទាប់ពីផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩ (Covid-19) អស់រយៈពេល ៤ខែកន្លងទៅ។ មុនផ្អាកការប្រកួត ពានពាក់កណ្ដាលអាជីពដ៏ធំនេះ បានដំណើរការប្រកួត ៥សប្ដាហ៍រួចមក។ ដូច្នេះការត្រឡប់មកវិញ គឺជាការប្រកួតបន្ដនៅសប្ដាហ៍ទី៦ ជើងទី១។
ចំពោះលទ្ធផលសប្ដាហ៍ដំបូង ក្រោយសម្រាកជាច្រើនខែនេះ រួមមានក្រុមមហាហ្សងអល់ស្ដារ បានចាញ់ក្រុមកំពូលតារាង TN Kandal FC ៣-២ ស្របពេលក្រុមប្រជុំដោយកីឡាករបរទេស Riel PP បានយកឈ្នះក្រុម Khmer United A ដោយលទ្ធផល ៣-២ ដូចគ្នា។ រីឯក្រុម Sniper FC បានយកឈ្នះក្រុមតាំងគោក ៤-១ និងក្រុម Avatar បានយកឈ្នះក្រុម Mambo PP ដោយលទ្ធផល ១-០។
ដោយឡែក ៣ក្រុមទៀត ដែលទទួលបាន ៣ពិន្ទុ អមជាមួយជ័យជម្នះ ៣-០ ដូចគ្នា បន្ទាប់ពីមានបេក្ខភាព ៣ក្រុម បានដកខ្លួនដោយសារវិបត្តិកីឡាករ ដែលរងផលប៉ះពាល់ព្រោះជំងឺកូវីដ-១៩ រួមមានក្រុម Khmer United B ឈ្នះក្រុម Pitou FC ៣-០, ក្រុម ISI ដង្កោសែនជ័យ ឈ្នះក្រុមពួកម៉ាក់យូណាយធីត ៣-០ និងក្រុម Bayon Wanderers ឈ្នះក្រុមយុវជនវត្តវ៉ារិន ដោយលទ្ធផល ៣-០។
សរុបលទ្ធផលពានមានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ គិតត្រឹមសប្ដាហ៍ទី៦ ក្រុម TN Kandal បានបន្ដឈរកំពូលតារាង ដោយមាន ១៨ពិន្ទុ ក្រោយឈ្នះទាំង ៦ប្រកួត តាមពីក្រោយដោយក្រុម Avatar FC, ISI ដង្ហោសែនជ័យ និងក្រុម Riel PP ដែលរកបាន ១៥ពិន្ទុស្មើគ្នា បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ៥ និងចាញ់១។ រីឯក្រុម Sniper FC បានឈរលេខ៥ និងមាន ១៣ពិន្ទុ គ្រាដែលក្រុម Khmer United A ឈរលេខ៦ និងរកបាន ១០ពិន្ទុ៕FN