មេការ និងស្ត្រីម្ចាស់សិប្បកម្មផលិតកាហ្វេលាយសារធាតុគីមី តុលាកាសម្រេចចោទប្រកាន់
ខេត្តកណ្ដាល៖ សូមរម្លឹកថា អ្នកញៀនកាហ្វេ គួរតែដឹងរឿងមួយនេះ! សមត្ថកិច្ចចុះបង្ក្រាបទីតាំងសិប្បកម្មលីងកាហ្វេ ដែលអន់គុណភាព ទីតាំងសិប្បកម្ម លីងកាហ្វេ យីហោ«ថុន ណាត» ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ក្រោយពីបានពិនិត្យសំណុំរឿង ករណីក្លែងផលិតផលទំនិញ លីងកាហ្វេ និងសណ្តែក ផ្សំសារធាតុគីមី ដែលកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាប កាលពីថ្ងៃទី០២ កក្កដា ២០២០ កន្លងមកនេះ ។
ជនជាប់ចោទ ដែលតំណាងអយ្យការ ធ្វើការចោទប្រកាន់ រួមមាន ៖ ទី១ ឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរម្ចាស់សិប្បកម្មលីងកាហ្វេ និងសណ្តែក (ស្ថិតនៅក្រៅឃុំ) និងទី២ ឈ្មោះ លួត លាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្កាល មុខរបរអ្នកលីងកាហ្វេ និងជាមេកា (ស្ថិតនៅក្រៅឃុំ) ។
ជនជាប់ចោទឈ្មោះ ថុន ណាត និងឈ្មោះ លួត លាង បានធ្វើសកម្មភាពលីងកាហ្វេ និងសណ្តែក លាយផ្សំដោយសារធាតុគីមីខុសច្បាប់ រួចហើយ យកទៅលក់ទីផ្សារកម្ពុជា ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ដល់សុខភាព នៅក្នុងសិប្បកម្មខ្លួន ដោយគ្រាប់កាហ្វេ និងសណ្តែក គឺជនជាប់ចោទ ឡើងទៅទិញពីផ្សារអូរឫស្សី ម្តង១តោន ក្នុង១ខែ រួចហើយបញ្ចេញលក់ ទៅលើទីផ្សារ ក្នុង១គីទ្បូក្រាម តម្លៃ ២០០០០រៀល ទៅ៣០០០០រៀល។ ជនជាប់ចោទបានឆ្លើយបញ្ជាក់ថា ខ្លួនបើកអាជីវកម្មរយៈពេល ២ឆ្នាំមកហើយ រូបមន្ត នៃការផលិត គឺខ្លួនចេះតពីគេ ហើយគ្រាប់កាហ្វេ ខ្លួនទិញមកពីផ្សារអូរឫស្សី ម្តង១តោន ក្នុង១ខែ ក្នុងតម្លៃ១គីទ្បូក្រាម ១៥០០០រៀល ក្នុងមួយថ្ងៃ ខ្លួនផលិតកាហ្វេ បាន៥ទ្ប ក្នុង១ទ្ប មានទម្ងន់ ១២០គីទ្បូក្រាម ដោយបានលាយជាមួយ ស្រាស អំបិល សណ្តែក (ទឹកស្ករ ការ៉ាមែល CARAMEL) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ ហើយពេលលក់ចេញទៅទីផ្សារ ក្នុង១គីទ្បូក្រាម តម្លៃ ២០០០០រៀល ទៅ៣០០០០រៀល ក្នុង១ ថ្ងៃលក់បានចាប់ពី៥០គីទ្បូក្រាម ទៅ៧០គីទ្បូក្រាម ហើយជនជាប់ចោទ ក៏បានធ្វើលិខិតទទួលស្គាល់កំហុសដែរថា ការផលិត កែច្នៃកាហ្វេវិចខ្ជប់ និងចែកចាយលក់ទីផ្សារ គឺខ្លួនពុំមានច្បាប់អនុញ្ញាតទេ បន្ទាប់មក អយ្យាការអមសាលាដំបូងខេត្តកណ្តាល ពិនិត្យលើអង្គហេតុ អង្គច្បាប់ភស្តុតាង និងចម្លើយសារភាពរបស់ជនជាប់ចោទទាំង២ អយ្យាការអមសាលាដំបូងខេត្ត បានចេញដីកាសន្និដ្ឋាន បញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ លេខ៣៩៨ ដករជផ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ៖
សម្រេចទី១ ៖ ចោទប្រកាន់ជនជាប់ចោទឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ និងឈ្មោះ លូត លាង ភេទប្រុស អាយុ២៤ឆ្នាំ ពីបទក្លែងផលិតផលទំនិញ (លីងកាហ្វេ និងសណ្តែកផ្សំសារធាតុគីមី) កើតទ្បើងនៅចំណុចទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែក យីហោ ថុនណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ តាមបញ្ញាត្តិ មាត្រា១៧ មាត្រា៦៣ និងមាត្រា៦៥ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ។
និងទី២ ៖ បញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ ១១៨៣អក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ទៅជំនុំជម្រះ នៅតុលាការខេត្តកណ្តាល តាមនីតិវិធីនៃច្បាប់ ៕by KBN