កម្មការិនីរោងចក្រជិះពីរនាក់ ចេញពីធ្វើការជិះម៉ូតូមកផ្ទះ ត្រូវរន្ទះបាញ់ស្លាប់ម្នាក់
ខេត្តកំពង់ចាម៖ នារីវ័យក្មេង២នាក់ ធ្វើការជាកម្មការិនីរោងចក្រ ទើបនឹងចេញពីធ្វើការ បានជិះម៉ូតូឌុបគ្នាសំដៅទៅផ្ទះវិញ ស្រាប់តែមានមេឃរកកល់ភ្លៀង អកុសល ពេលធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរន្ទះបាញ់ បណ្តាលឲ្យនារីជាអ្នកជិះពីក្រោយ បាត់បង់ជីវិត និងនារីដែលជាអ្នកបើកម៉ូតូ រងរបួសស្រាល ។
ហេតុការណ៍គ្រោះធម្មជាតិ(រន្ទះបាញ់)នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២០ កក្កដា ២០២០ នៅចំណុចលូខាងកើត ស្ថិតក្នុងភូមិស្រម៉រី ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។នារីរងគ្រោះ ដែលត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់ មានឈ្មោះ ដន គុយអេង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្កាយណាយ មានលំនៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ (ជាអ្នកជិះពីក្រោយ) ។ ចំណែកនារីរងរបួសស្រាលមានឈ្មោះ យាន សុខអ៊ាន់ អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្កាយណាយ មានទីលំនៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ (ជាអ្នកបើកម៉ូតូ)។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ ធ្វើការរោងចក្រស្កាយណាយជាមួយគ្នា ហើយរាល់ថ្ងៃ អ្នកទាំង២នាក់ តែងជិះម៉ូតូឌុបគ្នាមកធ្វើការ និងត្រឡប់ទៅផ្ទះវិញ ជាប្រចាំ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញនារីទាំង២នាក់ ទើបនឹងចេញពីធ្វើការ គាប់ជួនមេឃរកកល់ភ្លៀង ក៏ចាប់ផ្តើមធ្លាក់ភ្លៀងល្មម ខណៈនារីទាំង២នាក់ មិនបានរកកន្លែងជ្រកភ្លៀងទេ នៅតែបន្តជិះម៉ូតូឌុបគ្នា សំដៅទៅផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ រន្ទះបានបាញ់ បណ្តាលឲ្យនារីរងគ្រោះជាអ្នកបើកម៉ូតូ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ អកុសលនារីរងគ្រោះដែលរួមដំណើរពីក្រោយ បែរជាបាត់បង់ជីវិត នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកជួយអន្តរាគមន៍ ពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះ ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន សាកសពនារីរងគ្រោះ ត្រូវសមត្ថកិច្ចបានប្រគល់ទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕ by KBN