ក្រសួងសុខាភិបាល ប្រកាសផ្ទុះជំងឺឈីកគន់ហ្គន់យ៉ា នៅខេត្តមួយចំនួនជាប់ប្រទេសថៃ

សុខាភិបាល៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការផ្ទុះឡើងនៃជំងឺឈីកគន់ហ្គន់យ៉ា ( Chikunngunya ) ដែលហៅកាត់ថា ឈីក (CHIK) នៅភូមិចំនួន៦ នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានអ្នកភូមិធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់

ក្នុងចេញសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាបាល បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៩ កក្កដា រហូតដល់ថ្ងៃទី២២ កក្កដា ម្សិលមិញនេះ ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិអូរឬស្សី នៃសង្កាត់ប៉ោយប៉ែត មានចេញរោគសញ្ញា គ្រុនក្តៅ៣៨អង្សាសេ កន្តួលក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង ។

សូមបញ្ជាក់ថា ជំងឺគ្រុនឈីក កើតដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ នៅខេត្តសៀមរាប បាត់ដំបង និងព្រះវិហារដែរ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០ % ក្នុងប្រទេសកម្ពុជា នាទសវត្សទី៦០ ហើយវាបានរាតត្បាតខ្លាំង ក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និងខេត្តកំពត ។

ជំងឺឈីកគន់ហ្គន់យ៉ា នេះ បង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈ «មូសខ្លាញីខាំ» ជាពិសេសខាំពេលថ្ងៃ ភ្នាក់ងារចម្លង គឺសត្វមូសមួយប្រភេទក្រុមអាអេដេស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង