ឯកឧត្តម ហាស់ សារ៉េត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០ គ្រួសារនៅក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក
ខេត្តព្រៃវែង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ស្រុកកំពង់ត្របែក រួមជាមួយឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូន ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងបរិបទនៃជម្ងឺកូវីដ១៩ ចំនួន ៣០គ្រួសារនៅក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតនៅលើពិភពលោកយើងនេះ។
ឯកឧត្តម ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំដោយត្រូវ លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុលជាងដៃ នឹងត្រូវពាក់ម៉ាសនៅពេលដែលទៅក្រៅម្ដងៗ។
អំណោយដែលផ្ដល់ជូននោះមាន អង្ករ មី ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ១គីឡូក្រាម សាប៊ូ ២ដប សារុង១ និងថវិកា ៤ម៉ឺនរៀលផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង