លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញទស្សនាគំនូរសហសម័យនៅ វិចិត្រសាល ស្រាអាត (Sra Art)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអញ្ជើញទស្សនាគំនូរសហសម័យនៅ វិចិត្រសាល ស្រាអាត (Sra Art) ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ 7/9E0 មហាវិថីសុធារស ចន្លោះផ្លូវ ១៧៨ និងវត្តឧណ្ណាលោម នារសៀលថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។
អញ្ជើញចូលរួមក្នុងពិធីនោះផងដែរក៏បានការចូលរួមពីសំណាក់ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតទូតបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូអមដំណើរ បានអញ្ជើញ ទស្សនានូវរូបគំនូរអមដោយការអត្ថាធិប្បាយយ៉ាងក្បោះក្បាយរបស់អ្នកនាង Cecile Eap Berg ។
ឆ្លៀតក្នុងឱកាសនោះ ស្ថាបនិកខ្មែរ-បារាំង អ្នកនាង Cecile Eap Berg បានលើកឡើងថា៖ ស្រាអាត គឺជាវិចិត្រសាលសិល្បៈសហសម័យមួយគត់នៃរាជធានីភ្នំពេញដែលបានបង្កើតឡើង ដើម្បីលើកកម្ពស់ និងបង្កើនចំណេះដឹងជាសាធារណៈអំពីការរីកលូតលាស់ទស្សនីយភាពសិល្បៈសហសម័យខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាពិសេស ស្រាអាត ក៏បានផ្សារភ្ជាប់រវាងសិល្បករ សិល្បការនីខ្មែរ រវាងក្ដីសោមនស្សចំពោះសិល្បៈ ព្រមទាំងអ្នកដែលមានចំណាប់ចិត្តស្វែងរកបទពិសោធន៍ជាមួយនឹងការអភិវឌ្ឍន៍ដ៏រស់រវើក នៃទស្សនីយភាពសិល្បៈប្រទេសកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរចំពោះវិចិត្រករ ដែលបានគូរគំនូរដែលបានបង្កប់ដោយអត្ថន័យ និងមានភាពរស់រវើក។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអ្នកនាង Cecile Eap Berg លោកឧកញ៉ា អៀប ប៉េងហុង ឯកឧត្តម សុខ ចិន្តាសោភា ដែលបានរួមគំនិតគ្នាក្នុងការបង្កើត និងអភិរក្សសិល្បៈវប្បធម៌ខ្មែរ តាមរយៈ ទស្សនីយភាពនៃគំនូរទាំងនេះ៕











